ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលារៀនមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា “សាលាសិក្សាកម្រិត២ទីរួមខេត្ត” បង្កើតនៅក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា “សាលាលិចទឹក” ព្រោះស្ថិតនៅលើដីទំនាបដែលមានតែអគារទ្រុឌទ្រោម។ សាលារៀននេះបានប្តូរពីអនុវិទ្យាល័យទៅជាវិទ្យាល័យនៅឆ្នាំសិក្សា២០០៤-២០០៥ ដែលមាន ឈ្មោះថា វិទ្យាល័យ “ហ៊ុន សែន សេរីភាព” ក្រោមការដឹកនាំរបស់ លោក ហ៊ុយ សុខា ជានាយកវិទ្យាល័យ និងបច្ចុប្បន្នគណៈគ្រប់គ្រងវិទ្យាល័យ ដឹកនាំដោយ លោកនាយក ម៉ម សុធានី ។

ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យ ហ៊ុន សែន សេរីភាព មាន គ្រូសរុប​ចំនួន ២៤១នាក់ (ស្រី ១១៥ នាក់) មានសិស្សសរុបចំនួន ៤ ៧៨៥ នាក់ (ស្រី២ ៥១២ នាក់) ចែកចេញជា ៨៤ ថ្នាក់ និងមានអគារ ១០ ខ្នង ស្មើនឹង ១២០ បន្ទប់ (ក្នុងនោះអគារសម្តេចតេជាមាន ៦ ខ្នង ស្មើ ៦៣ បន្ទប់) និងមានអគារសម្រាប់ការបង្រៀន អគារការិយាល័យ បន្ទប់ប្រជុំ បណ្ណាល័យ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សម្ភារ បន្ទប់រៀបចំអាហារសម្រន់ បន្ទប់សំឡេង អាហារដ្ឋាន បន្ទប់ទឹក និងកន្លែងលាងដៃ ជាដើម។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សមកប្រឡង ៥៧៥ នាក់ (ស្រី ៣០៩ នាក់) សិស្សប្រឡងជាប់សរុប ៣៨៤ នាក់ ស្មើនឹង ៦៦.៧៨% (ស្រី ២០៣ នាក់ ស្មើនឹង ៦៥.៧០%) ក្នុងនោះបាននិទ្ទេស A សរុប ២៥ នាក់ (ស្រី ១១នាក់)។

ចំពោះសមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទាំងអស់ជាអាណាព្យាបាលសិស្សនៅក្នុងក្រុងតាខ្មៅផ្ទាល់ ដែល​រួមមាន៖ អគារសិក្សា ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ ខ្លោងទ្វារ និងសមិទ្ធផលនានា៕ ផ្សាយ៖ កន ចំណាន ដោយ៖ គង់ សិរីរ័ត្ន AKP