កិច្ចប្រជុំកំពូលក្រុងប៉ារីស ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី និងពិចារណាជួយកងកម្លាំងអ៊ុយក្រែន

កិច្ចប្រជុំកំពូលក្រុងប៉ារីស ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី និងពិចារណាជួយកងកម្លាំងអ៊ុយក្រែន
បណ្តាប្រទេសអឺរ៉ុបបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ២៧ មីនា ដើម្បីបង្កើនបន្ថែមជាជាងដកទណ្ឌកម្មលើរុស្ស៊ីជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ខណៈអង់គ្លេស និងបារាំង បានចាប់ផ្តើមរៀបចំផែនការបញ្ជូនកម្លាំងធានាសន្តិសុខ បន្ទាប់ពីសន្តិភាពណាមួយ។
លោកប្រធានាធិបតី Emmanuel Macron បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន និងមានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីយល់ព្រមលើគោលនយោបាយសម្របសម្រួលមួយ បន្ទាប់ពីលោក Donald Trump ធ្វើឱ្យអឺរ៉ុបភ្ញាក់ផ្អើលដោយការបើកកិច្ចចរចាដោយផ្ទាល់ជាមួយវិមានក្រឹមឡាំង។
សហរដ្ឋអាមេរិកអះអាងពីវឌ្ឍនភាពបណ្តោះអាសន្នឆ្ពោះទៅរកបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះរយៈពេលបីឆ្នាំ របស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពមួយហាក់នៅឆ្ងាយ ហើយកិច្ចប្រជុំរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលអឺរ៉ុបជាង២០ប្រទេសនេះ ក៏បានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នាក្នុងឆន្ទៈរបស់សម្ព័ន្ធភាពនេះផងដែរ ដោយពុំមានរដ្ឋទាំងអស់ចុះហត្ថលេខាលើផែនការរបស់បារាំង-អង់គ្លេស ក្នុងការពង្រាយកងទ័ពក្រោយសង្គ្រាមនោះទេ។
លោក Zelenskyy បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលនោះថាលោកPutin ពិតជាចង់បំបែកអឺរ៉ុប និងអាមេរិក ដោយបន្ថែមថាទីក្រុង Kyiv ចង់ឱ្យទីក្រុងវ៉ាស៊ីនតោនមានជំហររឹងមាំចំពោះវិមានក្រឹមឡាំង។
លោកបានព្រមានថា អ្នករាល់គ្នាបានយល់និងដឹងថាសព្វថ្ងៃនេះរុស្ស៊ីមិនចង់បានសន្តិភាពឡើយទោះបែបណាក៏ដោយ៕