អត្រាគាំទ្រ ឬប្រជាប្រិយភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចុះមកនៅត្រឹម ៤៣% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការវិលត្រឡប់របស់លោកចូលកាន់តំណែងសេតវិមាន ខណៈប្រជាជនអាមេរិក បានរអ៊ូរទាំចំពោះវិធានការដំឡើងពន្ធ និងវិធីសាស្រ្តដ៏ឆ្គាំឆ្គងដែលរដ្ឋបាលរបស់លោកចាត់ចែងរឿងលេចធ្លាយព័ត៌មានវាយប្រហារយោធានៅក្នុងប្រទេសយេម៉ែន នេះបើតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos កាលពីថ្ងៃពុធ (០២ មេសា)។
ការស្ទង់មតិរយៈពេលបីថ្ងៃ ដែលបានបិទកាលពីថ្ងៃពុធនេះ បានបង្ហាញពីអត្រាគាំទ្រលើតំណែងរបស់លោក Trump ក្នុងនាមជាប្រធានាធិបតី បានធ្លាក់ចុះ ២% បន្ថែមពីការស្ទង់មតិមុនដែលធ្វើឡើងនៅថ្ងៃទី ២១-២៣ ខែមីនា និងថយចុះ ៤% ទាបជាងអត្រាគាំទ្រ ៤៧% ដែលលោកទទួលបានភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
អ្នកឆ្លើយតបបានឱ្យពិន្ទុមិនល្អដល់លោក Trump សម្រាប់ការដោះស្រាយផ្នែកសេដ្ឋកិច្ច ដែលមនុស្ស ៣៧% ប៉ុណ្ណោះបានគាំទ្រ ហើយមានតួលេខ ៣០% ប៉ុណ្ណោះគាំទ្រលើការដោះស្រាយបញ្ហាថ្លៃចំណាយខ្ពស់ក្នុងជីវភាពរស់នៅរបស់ប្រជាជនអាមេរិក។
ជាងពាក់កណ្តាលនៃអ្នកឆ្លើយតប ពោលគឺ ៥២% បានយល់ស្របលើឃ្លា ដែលថាការបង្កើនពន្ធលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ដែលជាផ្នែកមួយនៃការជំរុញពន្ធថ្មីរបស់លោក Trump នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិក ហើយភាគរយដូចគ្នានេះបាននិយាយថា ការដំឡើងពន្ធនឹងបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ៕
Leave a Reply