រញ្ជួយដីកម្រិត៥.០រ៉ិចទ័រ អង្រួនអគារក្រុងតៃប៉ិ

បរទេស ៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក ហៅកាត់ USGS បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រ បានវាយប្រហារភាគឦសាន កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ ដោយបានធ្វើឱ្យអគារនានា ញ័រ នៅក្នុងទីក្រុងតៃប៉ិ។

USGS បាននិយាយថា គ្រោះរញ្ជួយដី បានវាយប្រហារ នៅជម្រៅជិត ៧០ គីឡូម៉ែត្រ ក្នុងតំបន់ Yilan ក្បែរទីក្រុងតៃប៉ិ។
អាជ្ញាធរ Yilan បានប្រាប់ AFP ថា មិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាត ឬរបួសនោះទេ។

តៃវ៉ាន់ តែងតែរងការរញ្ជួយដី ជាញឹកញាប់ ដោយសារតែទីតាំងរបស់វា នៅលើគែមនៃបន្ទះ tectonic ចំនួនពីរ នៅជិត Pacific Ring of Fire ជាអ្វីដែល USGS អះអាងថា ជាតំបន់ ដែលមានសកម្មភាពរញ្ជួយខ្លាំងបំផុត នៅក្នុងពិភពលោក។

ការរញ្ជួយដីដ៏ធំ ចុងក្រោយ បានកើតឡើង នៅក្នុងខែមេសា ឆ្នាំ២០២៤ នៅពេលដែលកោះនេះ ត្រូវបានវាយប្រហារដោយការរញ្ជួយកម្រិត ៧.៤ រិចទ័រ។ មនុស្សយ៉ាងតិច ១៧ នាក់បានស្លាប់ នៅក្នុងការរញ្ជួយដី ដែលបានបង្កឱ្យមានការបាក់ដី និងខូចខាតយ៉ាងធ្ងន់ធ្ងរ លើអគារ នៅជុំវិញទីក្រុង Hualien៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *