អ៊ីស្រាអែល វាយប្រហារយេម៉ែន បន្ទាប់ពីក្រុមហ៊ួទី បើកយុទ្ធនាការដាក់គោលដៅលើអាកាសយានដ្ឋានអ៊ីស្រាអែល យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារផ្លូវអាកាសប្រឆាំងនឹងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ (០៥ ឧសភា) មួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលនៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល ខណៈក្រុមឧទ្ទាមនេះបានប្រកាសថា ពួកគេនឹងដាក់យុទ្ធនាការបិទផ្លូវអាកាស “ទូលំទូលាយ” លើអ៊ីស្រាអែល ដោយកំណត់គោលដៅម្តងហើយម្តងទៀតលើអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រតិបត្តិការសឹកនៅក្នុងតំបន់ហ្កាហ្សា។

អ៊ីស្រាអែល វាយប្រហារយេម៉ែន បន្ទាប់ពីក្រុមហ៊ួទី បើកយុទ្ធនាការដាក់គោលដៅលើអាកាសយានដ្ឋានអ៊ីស្រាអែល
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារផ្លូវអាកាសប្រឆាំងនឹងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ (០៥ ឧសភា) មួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលនៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល ខណៈក្រុមឧទ្ទាមនេះបានប្រកាសថា ពួកគេនឹងដាក់យុទ្ធនាការបិទផ្លូវអាកាស “ទូលំទូលាយ” លើអ៊ីស្រាអែល ដោយកំណត់គោលដៅម្តងហើយម្តងទៀតលើអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រតិបត្តិការសឹកនៅក្នុងតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារទៅលើអ្វីដែលខ្លួនហៅថា គោលដៅភេរវករហ៊ួទី នៅក្រុងកំពង់ផែ Hodeidah និងតំបន់ជុំវិញនោះ។ ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយហ៊ួទី និយាយថា ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួសយ៉ាងហោចណាស់ ៣៥នាក់។
ប្រភពនិយាយថា ក្រុមហ៊ួទី បានបិទតំបន់ជុំវិញកំពង់ផែ និងរោងចក្រស៊ីម៉ងត៍ បន្ទាប់ពីមានការវាយប្រហារ។ ពួកគេបន្ថែមថា ទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយ ប៉ុន្តែកម្រិតនៃការវាយប្រហារ និងអគ្គិភ័យ បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ចំណតកុងតឺន័ររបស់កំពង់ផែ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអាទិត្យ ដោយនោះជាលើកដំបូងហើយដែលគេដឹងថាមីស៊ីលបានរួចផុតពីការស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសដ៏តឹងរ៉ឹងរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារជាបន្តបន្ទាប់ចាប់តាំងពីខែមីនាមក៕