ក្រសួងការពារជាតិ សូមច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់ កម្ពុជា។ នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារ ចេញនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា-ថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕

ដោយ ៖ ង៉ាន់ ទិត្យ