កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ត្រូវបាន​កែលម្អរ និងដាក់ឱ្យប្រើប្រាស់

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នកម្មលើកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh។ កម្មវិធីទូរស័ព្ទដៃ និងគេហទំព័រនេះ ជាបណ្តុំមាតិកាឌីជីថល សម្រាប់ការគាំទ្រដល់ការរៀនស៊ីជម្រៅ ការបង្រៀនពីចម្ងាយ ការផ្សព្វផ្សាយសៀវភៅសិក្សា ការ​ពង្រឹង​សមត្ថភាពអំណាន ការបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប ការពង្រីក​ចំណាប់​អារម្មណ៍​លើ​វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការធ្វើតេស្តសមត្ថភាព និង ការអនុវត្តក្នុង​បន្ទ​ប់​ពិសោធន៍​វិទ្យាសាស្រ្ត។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្ម​វិធី​ទូរសព្ទ​ដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh គឺជាវេទិកា​ឌីជីថល​មួយ ក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួងអប់រំ។ កម្មវិធីនិងគេហទំព័រនេះ ប្រមូល​ផ្តុំមាតិកាឌីជីថលពេញលេញ និងសម្បូរបែប ដោយមានវីដេអូ សន្លឹកកិច្ចការ និងសៀវភៅ​អនុវត្ត​គ្រប់​កម្រិតថ្នាក់ គ្រប់មុខវិជ្ជា ហើយគ្រប់មេរៀន ដែលផ្តោតគោលដៅ​លើ​ការ​ពង្រឹង​តួនាទី​គ្រូ​ក្នុង​ការ​តម្រង់ទិសការសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំឌីជីថល។

លក្ខណៈពិសេសនៃវេទិកាឌីជីថលនេះ គឺផ្តោតលើការលើកកម្ពស់តួនាទីគ្រូកាន់តែប្រសើរជាងមុន ក្នុង​ការពន្យល់ណែនាំសិស្ស ឱ្យទទួលបានបទពិសោធន៍ពីការសិក្សាកាន់តែពេញលេញ និង​ទទួលបា​ន​លទ្ធផលនៃការសិក្សាកាន់តែប្រសើរ។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃ​ក្រសួងអប់រំ យុវជន និងកីឡា បានវិភាគទិន្នន័យស្តីពីចំណង់ចំណូលចិត្ត និងបែបផែន នៃកា​រ​សិក្សា​របស់​សិស្សានុសិស្សកម្ពុជា ដើម្បីបង្កើតប្រព័ន្ធវិភាគដើម្បីផលិតជាបន្តបន្ទាប់ នូវមាតិកា​ឌីជីថល​ដែលមានភាពពេញលេញ ហើយកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ក្លាយទៅជាអេកូស៊ីស្តែមនៃការអប់រំឌីជីថល ដោយ មានសមាស​ធាតុ​សំខាន់​ៗ​ចំនួន៨ ៖

១. សិក្ខាល័យ ៖ គាំទ្រការរៀនដោយស៊ីជម្រៅដោយធនធានសិក្សា សំបូរបែប និងលើក​កម្ពស់​លទ្ធផល​នៃ​ការសិក្សារបស់សិស្ស ពីថ្នាក់ទី៧ដល់ទី១២ គ្រប់មេរៀន មុខវិជ្ជា និងកម្រិតថ្នាក់ ដោយ​មាន​កញ្ចប់វីដេអូ និងសន្លឹកកិច្ចការរៀនជាលក្ខណៈសង្ខេបមុនពេលចូលរៀន ឬរៀន​ជា​ពិស្តារ​ជួយ​ដល់ការរៀនក្នុងថ្នាក់ និងសំណួរចម្លើយបន្ទាប់ពីរៀនក្នុងថ្នាក់រួច។

២. បណ្ណាល័យ ៖ ឃ្លាំងសៀវភៅសម្រាប់ការសិក្សាពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា ដែល​អាច​ប្រើប្រាស់ជាធនធានសិក្សា និងធនធានអំណាន។

៣. បាក់ឌុប ៖ កម្រងឯកសារ និងវិញ្ញាសា​ពង្រឹង​សមត្ថភាព​សម្រាប់​សិស្សានុសិស្ស​ត្រៀម​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ ។

៤. សាស្រ្តាល័យ ៖ បណ្តុំវីដេអូកំសាន្តនិងអប់រំ លើកកម្ពស់ចំណាប់​អារម្មណ៍​លើ​ការ​អប់​រំ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា សម្រាប់សិស្សានុសិស្សវ័យក្មេង ដោយប្រែក្លាយភាពស៊ាំញ៉ាំ និង​ស្មុគ្រ​ស្មាញ​នៃ​វិទ្យាសាស្រ្ត មកជាការរីករាយកំសាន្ត ។

៥. Live Teaching ៖ ការបង្រៀនពីចម្ងាយដោយផ្សាយបន្តផ្ទាល់ ដោយ​សាស្រ្តាចារ្យ​ដែល​មាន​បទ​ពិសោធន៍ ជារៀងរាល់ថ្ងៃអាទិត្យពេញមួយថ្ងៃ និងជារៀងរាល់ល្ងាចវេលាម៉ោង១៩៖០០។

៦. ពិសោធន៍ ៖ កម្រងឯកសារសម្រាប់ការអនុវត្តជាក់ស្តែង និងការ​សិក្សា​ក្នុង​បន្ទប់​ពិសោធន៍​វិទ្យាសាស្រ្ត ។

៧. តេស្តសមត្ថភាព ៖ វេទិកាអន្តរកម្មសម្រាប់វាស់ស្ទង់សមត្ថភាពសិស្ស ដោយ​វិញ្ញាសា​ថ្នាក់​ជាតិ និង​អន្តរជាតិ មានលក្ខណៈអន្តរកម្ម ដែលអនុញ្ញាតឱ្យសិស្សអាចវាយតម្លៃសមត្ថភាពខ្លួន នៅ​ពេល​បញ្ចប់មេរៀននីមួយៗ។

៨. អក្ខរា ៖ កម្មវិធីទូរស័ព្ទដៃដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាលើកដំបូង លើក​កម្ពស់​សមត្ថភាព​អំណាន ជាខេមរភាសា ជាពិសេសចំពោះសិស្សនៅកម្រិតមធ្យមសិក្សា ដែលមាន​បញ្ហា​ផ្នែក​អំណាន​។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញ​ឱ្យ​មាន​បរិវត្តកម្ម​ឌីជីថល​នៅ​ក្នុង​អេកូស៊ី​ស្តែម​នៃ​ការ​អប់រំ​ ដើម្បីកសាងមូលធនមនុស្សក្នុងបរិការណ៍នៃបរិវត្តកម្មសង្គមនិងសេដ្ឋកិច្ចឌីជីថល តាមរ​យៈ​ការ​ធ្វើស​មាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់​ពិសោធន៍​ឌីជីថល​នៅ​តាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិតមាតិកា​បង្រៀន និងផ្សព្វផ្សាយ ការងារទាំងនេះឱ្យកាន់តែទូលំទូលាយ៕ អត្ថបទ៖គឹមហុក


Comments

Leave a Reply

Your email address will not be published. Required fields are marked *