អាមេរិកថា ជម្លោះឥណ្ឌា-ប៉ាគីស្ថាន មិនមែនជារឿងរបស់ខ្លួនឡើយ

បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានអះអាងថា ជម្លោះប្រដាប់អាវុធ រវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន មិនមែនជារឿងរបស់អាមេរិកនោះឡើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃសុក្រ។

ការអះអាងនេះ បានធ្វើឡើង ក្រោយពេលដែលអ្នកវិភាគមើលឃើញថា អាមេរិកហាក់មិនបានដាក់សំពាធច្រើនលើជម្លោះប្រទេសក្បែរខាងទាំងពីរ ដូចការ ព្យាយាមស្វែងការបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និង សង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។

ថ្លែងប្រាប់ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក JD Vance បាននិយាយថា អ្វីដែលអាមេរិកអាចធ្វើបាន គឺព្យាយាមលើកទឹកចិត្តភាគីទាំងពីរ បន្ថយភាពតានតឹង ប៉ុន្តែអាមេរិកនឹងមិនចូលរួមក្នុងសង្រ្គាមនេះទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោន ក៏គ្មានសមត្ថកិច្ច គ្រប់គ្រងជម្លោះប្រដាប់អាវុធនេះដែរ។ តែ អនុប្រធានាធិបតីអាមេរិក រូបនេះ សង្ឃឹមថា ជម្លោះនឹងមិនវិវឌ្ឍន៍ទៅរកសង្រ្គាមក្នុងតំបន់ដ៏ទូលំទូលាយ ឬ ប្រែក្លាយ ទៅជាសង្គ្រាមនុយក្លេអ៊ែរ នោះទេ។

គួររម្លឹកថា ភាពតានតឹង រវាងប្រទេសក្បែរខាងទាំងពីរ បានចាប់ផ្តើមផ្ទុះឡើងវិញ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ចម្រូងចម្រាស់កាស្មៀរ ដោយពេលនោះ មានការវាយប្រហារស្លាប់ជនស៊ីវិល ២២នាក់ ហើយឥណ្ឌាបានចោទប្រកាន់ថា ជាស្នាដៃរបស់ភេរវករ គាំទ្រដោយប្រទេសប៉ាគីស្ថាន។ ក្រោយមក កាលពីថ្ងៃពុធ ឥណ្ឌាបានវាយប្រហារតាមអាកាស ទៅលើប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សរាប់សិបនាក់។ ចុងក្រោយនេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ បានចោទប្រកាន់គ្នា ទៅវិញទៅមក ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ជាបន្តបន្ទាប់៕

ប្រភពពី CNA


Comments

Leave a Reply

Your email address will not be published. Required fields are marked *