Zelensky ស្នើសុំជួបលោក Putin

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកស្នើសុំជួបសមភាគីរុស្ស៊ី លោក Vladimir Putin នៅក្នុងប្រទេសតួកគី។

លោក Zelensky បានបង្ហោះសារ នៅលើបណ្តាញសង្គម X ថា «យើងរង់ចាំបទឈប់បាញ់ ពេញលេញ និងយូរអង្វែង ចាប់ផ្តើមពីថ្ងៃចន្ទនេះ ដើម្បីផ្តល់មូលដ្ឋានចាំបាច់ សម្រាប់ការទូត»។ លោកបានបន្ថែមថា «មិនមានចំណុចណាមួយ ក្នុងការអូសបន្លាយ ការសម្លាប់ ទៀតនោះទេ ហើយខ្ញុំនឹងរង់ចាំលោក Putin ដោយផ្ទាល់ នៅតួកគី នាថ្ងៃព្រហស្បតិ៍ …ខ្ញុំសង្ឃឹមថា លើកនេះ រុស្ស៊ីនឹងមិន រកលេស ផ្សេងទៀតទេ»។

យ៉ាងណាមិញ វិមានក្រឹមឡាំង មិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះការស្នើ របស់ Zelensky ទេ គិតត្រឹមយប់ថ្ងៃអាទិត្យ។
ទីក្រុងមូស្គូ និងទីក្រុងគៀវ មិនបានបើកការចរចា ទល់មុខគ្នា ទាល់តែសោះ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ពោលគឺភ្លាមៗ បន្ទាប់ពីវិមានក្រឹមឡាំង បានចាប់ផ្តើម ការលុកលុយពេញលេញ លើប្រទេសអ៊ុយក្រែន នាខែកុម្ភៈ ក្នុងឆ្នាំនោះ។

កាលពីព្រឹកថ្ងៃអាទិត្យ លោក ពូទីន បានស្នើឱ្យបន្តកិច្ចចរចា រវាងភាគីទាំងពីរ ដែលត្រូវធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នាថ្ងៃទី១៥ ខែឧសភា សប្តាហ៍នេះ។ ប៉ុន្តែ លោក មិនបានឆ្លើយតបទៅនឹងសំណើ បទឈប់បាញ់ រយៈពេល ៣០ថ្ងៃ ដែលដាក់ចេញ ដោយក្រុមសម្ព័ន្ធមិត្ត របស់ទីក្រុងគៀវនោះទេ៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *