អាមេរិក បានចុះកិច្ចព្រមព្រៀងលក់កញ្ចប់សព្វាវុធតម្លៃ ១៤២ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអ៊ូឌីត

អាមេរិក បានចុះកិច្ចព្រមព្រៀងលក់កញ្ចប់សព្វាវុធតម្លៃ ១៤២ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអ៊ូឌីត
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៣ឧសភា) បានព្រមព្រៀងលក់កញ្ចប់សព្វាវុធ ដែលមានតម្លៃជិត ១៤២ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអ៊ូឌីត នេះបើយោងតាមរបាយការណ៍របស់សេតវិមាន ដែលបានហៅកញ្ចប់នេះថាជា “កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដ៏ធំបំផុត” ដែលទីក្រុងវ៉ាស៊ីនតោន មិនធ្លាប់បានធ្វើ។
ឯកសារបាននិយាយថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់រដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអ៊ូឌីតនេះ គ្របដណ្តប់លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនការពារជាតិអាមេរិកជាងរាប់សិប នៅក្នុងវិស័យជាច្រើន រួមទាំងប្រព័ន្ធការពារដែនអាកាស និងមីស៊ីល កម្លាំងទ័ពអាកាស និងបច្ចេកវិទ្យាលំហអាកាសជឿនលឿន សន្តិសុខដែនសមុទ្រ និងទំនាក់ទំនងជាដើម។
ឯកសារកិច្ចព្រមព្រៀងបាននិយាយថា “កញ្ចប់ ដែលបានចុះហត្ថលេខានៅថ្ងៃនេះ ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ហើយជាការបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពង្រឹងភាពជាដៃគូរបស់ភាគីទាំងពីរ”។
គួរឱ្យដឹងថា រដ្ឋាភិបាលនៃរដ្ឋឈូងសមុទ្រមួយនេះ ចង់បានយន្តហោះចម្បាំងទំនើបៗបំផុតដូចជា យន្តហោះ F-35 ជាយូរណាស់មកហើយ ដែលផលិតឡើងជាមួយនឹងបច្ចេកវិទ្យាបំបាំងកាយ ដែលអនុញ្ញាតឱ្យគេចពីការរាវរករបស់សត្រូវ។ សេចក្ដីលម្អិតនៃប្រភេទសព្វាវុធមិនបានចេញផ្សាយឡើយ ប៉ុន្តែប្រសិនបើអាមេរិក ពិតជាបានយល់ព្រមលើការផ្ទេរគ្រឿងយុទ្ធោបករណ៍បែបនេះមែន នោះអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយជារដ្ឋមជ្ឈិមបូព៌ាទីពីរ បន្ទាប់ពីអ៊ីស្រាអែល ដែលប្រតិបត្តិការយន្តហោះចម្បាំង F-35 នេះ