ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធមិនជួបទល់មុខជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងប្រទេសទួរគី ក្នុងថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ហើយជំនួសមកវិញ លោកបានបញ្ជូនគណៈប្រតិភូកម្រិតទាបទៅក្នុងកិច្ចចរចាសន្តិភាពដែលបានគ្រោងទុក ខណៈប្រធានាធិបតីអ៊ុយក្រែន និយាយថា រដ្ឋមន្ត្រីការពារជាតិរបស់លោកនឹងដឹកនាំក្រុមរបស់ទីក្រុងគីវ។ ទាំងអស់នេះបានបង្កក្ដីបារម្ភថា វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ។
ជំនួបនេះនឹងក្លាយជាកិច្ចចរចាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ប៉ុន្តែក្តីសង្ឃឹមនៃវឌ្ឍនភាពសំខាន់ណាមួយត្រូវបានបំផ្លាញបន្ថែមទៀតដោយលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិយាយថា នឹងមិនមានដំណើរការទៅមុខឡើយបើគ្មានជំនួបរវាងលោក និងលោក Putin។
ក្រោយមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបន្ថែមពីលើទស្សនៈនោះ ដោយប្រាប់អ្នកយកព័ត៌មាននៅទួរគីថា ទីក្រុងវ៉ាស៊ីនតោន “មិនមានការរំពឹងទុកខ្ពស់” សម្រាប់កិច្ចចរចាអ៊ុយក្រែននៅក្រុងអ៊ីស្តង់ប៊ុលទេ។ ប្រធានគណៈប្រតិភូរុស្ស៊ី គឺទីប្រឹក្សាប្រធានាធិបតី ឈ្មោះ Vladimir Medinsky និយាយថា លោករំពឹងថា តំណាងរបស់អ៊ុយក្រែន នឹងទៅជួបពិភាក្សាគ្នានៅថ្ងៃសុក្រ (១៦ ឧសភា) នេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល វេលាម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក)។
លោក Zelenskiy និយាយថា ការសម្រេចចិត្តអវត្តមានរបស់លោក Putin ប៉ុន្តែបានបញ្ជូនក្រុមមន្រ្តីដែលលោកហៅថា “ក្រុមតុបតែងឱ្យល្អមើល” បានបង្ហាញឱ្យឃើញថា មេដឹកនាំរុស្ស៊ីរូបនេះមិនម៉ឺងម៉ាត់លើការបញ្ចប់សង្រ្គាមទេ ប៉ុន្តែរុស្ស៊ី ចោទអ៊ុយក្រែនថាព្យាយាម “សម្ដែងឆាកល្ខោន” ជុំវិញកិច្ចចរចានេះ៕
Leave a Reply