ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន GUR បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ ឧសភា) ថា រុស្ស៊ី បានរៀបគម្រោងធ្វើ “ការហ្វឹកហ្វឺន និងលំហាត់សមប្រយុទ្ធ” នៃការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ដើម្បីបំភិតបំភ័យអ៊ុយក្រែន និងលោកខាងលិច។
ទីភ្នាក់ងារ GUR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា ការបាញ់បង្ហោះមួយនៅពេលយប់ ត្រូវបានបញ្ជាឱ្យអនុវត្តពីតំបន់ Sverdlovsk របស់រុស្ស៊ី ហើយចម្ងាយហោះហើរសម្រាប់មីស៊ីលគឺលើសពី ១០.០០០គីឡូម៉ែត្រ។
GUR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ដើម្បីបង្ហាញពីសម្ពាធ និងបំភិតបំភ័យអ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូ រុស្ស៊ីមានបំណងបង្កើត “ការហ្វឹកហាត់ និងប្រយុទ្ធ” នៃមីស៊ីលបាលីស្ទិកអន្តរទ្វីប ឈ្មោះ RS-24 ចេញពីមូលដ្ឋាន Yars”។
មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ី លើសេចក្តីថ្លែងការណ៍ចារកម្មយោធាអ៊ុយក្រែនទេ។ រុស្ស៊ី មិនឆ្លើយសំណួរពីផែនការរបស់ខ្លួនក្នុងការបាញ់សាកល្បងមីស៊ីលនុយក្លេអែរឡើយ ដោយព័ត៌មានលម្អិតត្រូវបានចាត់ទុកថាជាការណ៍សម្ងាត់យោធា ទោះបីជាខ្លួនចេញសេចក្តីថ្លែងការណ៍ក្រោយការបាញ់បង្ហោះបែបនេះក៏ដោយ។
ជាង ៣ឆ្នាំក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ទីក្រុងគីវស្ថិតនៅក្រោមសម្ពាធយ៉ាងធំសម្បើម ខណៈទីក្រុងមូស្គូ បង្កើនការមានប្រៀបលើជួរមុខនៅភាគខាងកើតអ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាមរហូតមកដល់ពេលនេះ មិនមានលទ្ធផលអ្វីឡើយ៕
Leave a Reply