លោក Trump ហៅការកាត់ជំនួយបរទេសរបស់លោកនៅ USAID ថាជារឿង “ដ៏បំផ្លិចបំផ្លាញ”

ប្រធានាធិបតីអាមេរិក លោក កាលពីថ្ងៃពុធ (២១ ឧសភា) បានលើកឡើងថា ការកាត់មូលនិធិជំនួយបរទេសដោយរដ្ឋបាលរបស់លោក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅថាអង្គការ USAID និងកម្មវិធីជំនួយរបស់ទីភ្នាក់ងារនេះផ្សេងទៀតនៅទូទាំងពិភពលោក គឺជារឿង “ដ៏បំផ្លិចបំផ្លាញ” យ៉ាងខ្លាំង។

ថ្លែងនៅក្បែរប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa ក្នុងអំឡុងពេលទស្សនកិច្ចនៅសេតវិមាន លោក Trump ត្រូវបានសាកសួរពីវិធានការកាត់ជំនួយបរទេសភាគច្រើនរបស់លោកដោយក្រុមអ្នកសារព័ត៌មាន ដែលបាននិយាយថា ការសម្រេចចិត្តនេះប៉ះពាល់យ៉ាងខ្លាំងនៅក្នុងទ្វីបអាហ្រ្វិក។

លោក Trump បានឆ្លើយតបនៅក្នុងការិយាល័យ Oval Office ថា “នេះជារឿងដ៏បំផ្លិចបំផ្លាញខ្លាំងណាស់ ហើយលោកសង្ឃឹមថា មនុស្សជាច្រើននឹងចាប់ផ្តើមចំណាយប្រាក់កាន់តែច្រើនជាងមុន”។ លោកបន្ថែមថា រូបលោកបាននិយាយទៅកាន់ប្រជាជាតិដទៃអំពីរឿងនេះ ដោយចង់ឱ្យពួកគេចំណាយបន្ថែមទៀត ព្រោះសហរដ្ឋអាមេរិក បានចាយប្រាក់ច្រើនណាស់ហើយ។

រដ្ឋបាលអាមេរិក បានការពារការកាត់មូលនិធិនេះម្តងហើយម្តងទៀត ដោយនិយាយថា ពួកគេផ្តោតលើថវិកាខ្ជះខ្ជាយប៉ុណ្ណោះ។ សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំនួនយ៉ាងហោចណាស់ ៣៨% នៃវិភាគទានទាំងអស់ ដែលកត់ត្រាដោយអង្គការសហប្រជាជាតិ។ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា អាមេរិកបានបញ្ចេញជំនួយបរទេសចំនួន ៦១ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាងពាក់កណ្តាលនៃតួលេខនេះគឺតាមរយៈអង្គការ USAID៕