អ៊ីស្រាអែលវាយឆ្មក់ទីតាំងប្តូរប្រាក់នៅWest Bank

បរទេស ៖ កងកម្លាំងនៃប្រទេសអ៊ីស្រាអែលបានវាយឆ្មក់ហាងប្តូរប្រាក់បរទេស នៅទូទាំងតំបន់ West Bank កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ក្រុមហ៊ុនមេរបស់ពួកគេថា មានទំនាក់ទំនង ជាមួយអង្គការ ភេរវករ។

ពួកគេបានជូនដំណឹងថា «កងកម្លាំងអ៊ីស្រាអែល កំពុងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុន Al-Khaleej Exchange ដោយសារតែមានការពាក់ព័ន្ធជាមួយអង្គការភេរវកម្ម»។ អ្នកស្រុក ប៉ាឡេស្ទីនខ្លះ ត្រូវបានគេមើលឃើញថា មានការប៉ះទង្គិចគ្នា ជាមួយកងទ័ព កំឡុងពេលវាយឆ្មក់ ដោយបានគប់វត្ថុអ្វីមួយ ទៅលើកងទ័ព។

អាជ្ញាធរសុខាភិបាល នៅទីក្រុង Ramallah នៃតំបន់នេះ បាននិយាយថា បុរសម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨នាក់ផ្សេងទៀត បានរងរបួស ដោយសាររងការបាញ់គ្រាប់កាំភ្លើង របស់កងកម្លាំងអ៊ីស្រាអែល អំឡុងការវាយឆ្មក់នេះ។

ចលនាអ៊ីស្លាម ប៉ាឡេស្ទីន-ហាម៉ាស់ បានចេញមុខថ្កោលទោស។ពួកគេបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ការវាយលុកទាំងនេះ មានទាំង ការលួចលុយ និង រឹបអូសទ្រព្យសម្បត្តិ» ដោយបន្ថែមថា ក្រុមហ៊ុនទាំងនេះ មានគោលដៅប្រតិបត្តិការ ស្របតាមច្បាប់ មិនដូចការចោទប្រកាន់ របស់អ៊ីស្រាអែលទេ។

គួរបញ្ជាក់ថា ប៉ាឡេស្ទីន រាប់រយនាក់ និងជនជាតិអ៊ីស្រាអែល រាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការកើនឡើង នៃអំពើហឹង្សា នៅតំបន់ West Bank ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាម នៅតំបន់ហ្គាហ្សា ដែលស្ថិតនៅក្បែរគ្នា៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *