ប្រទេសចិន បានព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការលេងជាមួយភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់ជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ដែលហៅមហាអំណាចអាស៊ីមួយនេះ ថាជាការគំរាមកំហែងដល់តំបន់ ក្នុងកិច្ចប្រជុំកំពូលកម្រិតខ្ពស់នៅប្រទេសសិង្ហបុរី។
ថ្លែងក្នុងកិច្ចសន្ទនាសាំងគ្រី-ឡា(Shangri-La) កាលពីថ្ងៃសៅរ៍ លោក Hegseth បាននិយាយថា ប្រទេសចិនកំពុងរៀបចំយ៉ាងគួរឱ្យជឿជាក់សម្រាប់សកម្មភាពយោធា ដើម្បីផ្លាស់ប្តូរតុល្យភាពអំណាចរបស់អាស៊ី ដោយចោទប្រកាន់ទីក្រុងប៉េកាំង ពីការហាត់សមវាយលុកដ៏ធំលើកោះតៃវ៉ាន់។
ប្រទេសចិន បានចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាបង្រួបបង្រួមជាតិឡើងវិញដោយកម្លាំងប្រសិនបើចាំបាច់។កោះតៃវ៉ាន់បដិសេធការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថាមានតែប្រជាជនកោះនេះទេ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
ការអត្ថាធិប្បាយរបស់លោក Hegseth បានទាក់ទាញការស្តីបន្ទោសភ្លាមៗពីក្រសួងការបរទេសចិន ដែលបានសង្កត់ធ្ងន់ថា តំបន់តៃវ៉ាន់នៅតែជាបញ្ហាក្នុងស្រុករបស់ចិន ដោយព្រមានមហាអំណាចបរទេសកុំឱ្យប្រើប្រាស់បញ្ហានេះជាលេស។ ចិនបានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកថាជាការរុញទម្លាក់តំបន់នេះឲ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។
ហើយថាសហរដ្ឋអាមេរិក មិនគួរលេងការបំភាន់អំពីការប្រើប្រាស់បញ្ហាកោះតៃវ៉ាន់ ជាហ្គេមដើម្បីទប់ស្កាត់ប្រទេសចិនទេ ហើយក៏មិនគួរលងជាមួយភ្លើងដែរ។
ក្រសួងការបរទេសចិនបាននិយាយកាលពីចុងសប្ដាហ៍មុនថា រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះការលក់អាវុធអាមេរិកឲ្យទៅកោះតៃវ៉ាន់ ហើយថាលំហូរអាវុធទាំងនោះគួរតែបញ្ឈប់៕
Leave a Reply