អាល្លឺម៉ង់ព្រមានថា ៤ ឆ្នាំទៀតរុស្ស៊ី អាចវាយណាតូ

រឡាំង ៖ សមាជិកនៃសម្ព័ន្ធភាពលោកខាងលិច (NATO) ត្រូវតែត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសំណាក់រុស្ស៊ីក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀត នេះបើយោងតាមការព្រមានរបស់ប្រមុខការពារជាតិអាល្លឺម៉ង់។

មេទ័ពអាល្លឺម៉ង់ លោក Carsten Breuer បានថ្លែងក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC កាលពីថ្ងៃអាទិត្យថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិកត្រឹមឆ្នាំ២០២៩ ឬអាចមុននេះក៏ថាបាន។

លោក Breuer បន្តថា ដូច្នេះសមាជិកនៃសម្ព័ន្ធភាពលោកខាងលិចដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែប្រុងជើងការកម្រិតខ្ពស់ សម្រាប់ការវាយប្រហារគ្រប់ទម្រង់។

លោក Breuer បន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន ៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។

ចាប់តាំងពីលោកធ្វើជាមេទ័ពអាល្លឺម៉ង់អស់រយៈពេល ៤០ឆ្នាំមកនេះ លោកមិនដែលឃើញអង្គការណាតូត្រូវរងការគំរាមកំហែងពីរុស្ស៊ីធ្ងន់ធ្ងរខ្លាំងដូចពេលនេះទេ។

ការព្រមានរបស់លោក Breuer ធ្វើឡើងប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំកំពូលនៃប្រជាជាតិណាតូនៅទីក្រុងឡាអេ ជាកន្លែងដែលគេរំពឹងថា នឹងពិភាក្សាអំពីថវិកាការពារជាតិ ក្នុងចំណោមប្រធានបទផ្សេងទៀត។

អ្វីដែលគេព្រួយបារម្ភខ្លាំង គឺថា កាលពីឆ្នាំមុន រុស្ស៊ីក៏ប្រកាសរួចហើយដែរថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច ចំពោះសង្គ្រាមដោយផ្ទាល់ជាមួយអង្គការណាតូ ដែលអាចផ្ទុះឡើងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

ប្រភព ៖ BBC