គ្រោះអគ្គិភ័យឆេះព្រៃនៅកាណាដារាលដាលដល់ខេត្តទីពីរ

បរទេស៖ ខេត្ត Saskatchewan ភាគខាងលិច នៃប្រទេសកាណាដា បានប្រកាសអាសន្នពីភ្លើងឆេះព្រៃ ក្លាយជាខេត្តទី២ ដែលធ្វើដូច្នេះ ពោលគឺបន្ទាប់ពីខេត្ត Manitoba ដែលនៅជិតខាង បានបញ្ជាឱ្យមនុស្ស ១៧,០០០ នាក់ភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ នៅក្នុងសហគមន៍ដាច់ស្រយាល មួយថ្ងៃមុននេះ។

លោក Scott Moe អភិបាលខេត្ត បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «វាជាស្ថានភាពធ្ងន់ធ្ងរ ដែលយើងកំពុងប្រឈមមុខ នៅក្នុងខេត្ត Saskatchewan» ។ លោកបានបន្តថា«យើងកំពុងដាក់ចេញ គ្រប់វិធានការ ដែលអាចធ្វើទៅបាន ដើម្បីរៀបចំសហគមន៍របស់យើង»។

គួររម្លឹកថា ខេត្ត Manitoba បានប្រកាសភាពអាសន្នទូទាំងខេត្ត កាលពីល្ងាចថ្ងៃពុធ ហើយបានបញ្ជាឱ្យជម្លៀស នៅតាមទីក្រុងតូចៗជាច្រើន និងសហគមន៍ជនជាតិដើមភាគតិច ខណៈដែលខេត្តនេះ បានជួបប្រទះការចាប់ផ្តើម ដ៏អាក្រក់បំផុតក្នុងរដូវកាលភ្លើងឆេះព្រៃ មិនធ្លាប់មាន ក្នុងរយៈពេល ជាច្រើនឆ្នាំ។

រដ្ឋមន្ត្រីគ្រប់គ្រង គ្រាអាសន្នរបស់ប្រទេសកាណាដា លោកស្រី Eleanor Olszewski បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ភាគខាងជើង ដាច់ស្រយាលចំនួនពីរ ក្នុងខេត្ត Manitoba យន្តហោះរបស់កងទ័ពអាកាស ត្រូវបានដាក់ពង្រាយ ជម្លៀសប្រជាជន ផងដែរ៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *