មូលនិធិមនុស្សធម៌ហ្កាហ្សាផ្អាកប្រតិបត្តិការ ខណៈមានការគំរាមកំហែងដោយផ្ទាល់ពីក្រុមហាម៉ាស

អង្គការដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា មូលនិធិមនុស្សធម៌ហ្កាហ្សា (Gaza Humanitarian Foundation) បានផ្អាកប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយសារតែការគំរាមកំហែងដោយផ្ទាល់ពីក្រុមហាម៉ាស ។

មុននេះ អង្គការខាងលើបាននិយាយថា មជ្ឈមណ្ឌលជំនួយចំនួនពីរនឹងបើកនៅ Rafah នៅរសៀលថ្ងៃអាទិត្យសប្ដាហ៍នេះ។ទោះយ៉ាងណា សេចក្តីថ្លែងការណ៍នោះ ត្រូវបានលុបចេញពីទំព័រ Facebook របស់ខ្លួនវិញ។

ចាប់តាំងពីប្រតិបត្តិការរបស់អង្គការនេះ នៅតំបន់ហ្កាហ្សាភាគខាងត្បូងកាលពីថ្ងៃទី ២៧ ឧសភា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតកន្លែងចែកចាយជំនួយរបស់អង្គការនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១០ នាក់ និង ៥៨៣ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាសកាលពីថ្ងៃសុក្រ។

គម្រោងជំនួយថ្មីសម្រាប់ប្រជាពលរដ្ឋហ្កាហ្សា ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងគាំទ្រដោយអ៊ីស្រាអែល ត្រូវបានពិពណ៌នាកាលពីថ្ងៃអង្គារថាជា រូបមន្តសម្រាប់គ្រោះមហន្តរាយ ដោយលោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ៕