អ្នកនយោបាយអាមេរិក ប៉ះទង្គិចគ្នា ខណៈលោក Trump បញ្ជូនកម្លាំងឆ្មាំជាតិទៅបាតុកម្មនៅ LA

អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានប៉ះទង្គិចពាក្យសម្ដីគ្នាកាលពីថ្ងៃអាទិត្យ (០៨ មិថុនា) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ពង្រាយកងកម្លាំងឆ្មាំជាតិទៅកាន់ទីក្រុង Los Angeles ស្របពេលមានការតវ៉ាទ្រង់ទ្រាយធំយ៉ាងតានតឹង ប្រឆាំងនឹងការចុះឆ្មក់បង្រ្កាបចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលកំពុងកើនឡើង និងចម្រូងចម្រាស។

លោក Chris Murphy ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ បានស្តីបន្ទោសដោយផ្ទាល់បំផុតមួយថា “រឿងសំខាន់ដែលត្រូវចងចាំគឺថា លោក Trump មិនបានព្យាយាមព្យាបាល ឬរក្សាសន្តិភាពទេ តែលោកចង់បញ្ឆេះ និងបំបែកបំបាក់”។ ព្រឹទ្ធសមាជិកខាងប្រជាធិបតេយ្យមួយរូបទៀតឈ្មោះ Cory Booker បានថ្កោលទោសលោក Trump ចំពោះការបញ្ជូនកងទ័ពទាំងគ្មានការយល់ព្រមពីរដ្ឋ California ដោយព្រមានថា ជំហាននេះនឹងធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែអាក្រក់។

ប្រធានសភាមកពីបក្សសាធារណរដ្ឋ លោក Mike Johnson កាលពីថ្ងៃអាទិត្យ បានការពារការសម្រេចចិត្តរបស់លោក Trump ហើយនិយាយថា លោកមិនបារម្ភពីការដាក់ពង្រាយឆ្មាំជាតិនេះឡើយ ដោយបន្ថែមថា “គោលការណ៍ស្នូលមួយរបស់រដ្ឋបាល គឺការរក្សាសន្តិភាពតាមរយៈកម្លាំង”។ ព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋ លោក James Lankford បាននិយាយថា លោក Trump កំពុងព្យាយាមបន្ថយភាពតានតឹងប៉ុណ្ណោះ ដោយចង្អុលទៅទីតាំងកើតហេតុនៃក្រុមបាតុករ ដែលប៉ះទង្គិចជាមួយសមត្ថកិច្ច។

បាតុកម្មប្រឆាំងការឆ្មក់ចាប់ខ្លួននេះ បានក្លាយទៅជាចំណុចស្នូលចុងក្រោយបង្អស់នៅក្នុងការជជែកវែកញែកថ្នាក់ជាតិ ជុំវិញបញ្ហាអន្តោប្រវេសន៍ សិទ្ធិតវ៉ា និងការប្រើប្រាស់កម្លាំងសហព័ន្ធក្នុងកិច្ចការផ្ទៃក្នុង។ ភាពចម្រូងចម្រាសនេះក៏បានជំរុញឱ្យមានការវែកញែកពីព្រំដែននៃអំណាចប្រធានាធិបតី និងសិទ្ធិសាធារណៈក្នុងការជំទាស់លើបញ្ហាបែបនេះ៕