របាយការណ៍៖ រុស្ស៊ី បានព្យាយាមធ្វើឃាត CEO ក្រុមហ៊ុនអាវុធអាល្លឺម៉ង់ ដែលបញ្ជូនអាវុធទៅអ៊ុយក្រែន

សារព័ត៌មាន CNN និង ញូវយ៉ក ថែមស៍ (NYT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់អាមេរិកបានរកឃើញថា រុស្ស៊ី បានគ្រោងធ្វើឃាតនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថាល់ (Rheinmetall) ដែលបាននិងកំពុងផលិតគ្រាប់កាំភ្លើងធំ និងយានយន្តយោធាសម្រាប់អ៊ុយក្រែន។

CNN បានរាយការណ៍ថា ផែនការសម្លាប់នាយកប្រតិបត្តិក្រុមហ៊ុន រ៉ែនមេថាល់ លោក អាមីន ផេបភើហ្គើ (Armin Papperger) គឺជាផែនការមួយក្នុងចំណោមផែនការរបស់រដ្ឋាភិបាលរុស្ស៊ី ក្នុងការធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ CNN បានរាយការណ៍ដោយដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងលោកខាងលិចដែលមិនស្គាល់អត្តសញ្ញាណចំនួនប្រាំនាក់ថា គម្រោងនេះត្រូវបានគេលាតត្រដាងកាលពីដើមឆ្នាំនេះ។

របាយការណ៍និយាយថា អាមេរិក បានជូនដំណឹងដល់អាល្លឺម៉ង់ ដោយបន្ថែមថាសេវាសន្តិសុខអាល្លឺម៉ង់បានការពារលោក ផេបភើហ្គើ ឱ្យផុតពីគ្រោះថ្នាក់។ អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេនៅពេលត្រូវសាកសួរ ដោយគ្រាន់តែនិយាយថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងជាច្រើនដែលត្រូវបានលាតត្រដាង។

សារព័ត៌មាន ញូវយ៉ក ថែមស៍ បានដកស្រង់សម្តីមន្ត្រីលោកខាងលិចជាច្រើននាក់នៅក្នុងរបាយការណ៍របស់ខ្លួន ខណៈសារព័ត៌មាន ហ្វាយនែនសល ថែមស៍ (Financial Times) ក៏បានរាយការណ៍អំពីផែនការនេះផងដែរ ដោយសម្អាងដល់អ្នកការទូតអង្គការណាតូ៕