លោក Trump អបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រោយការចរចានៅអង់គ្លេស

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ១១ ខែមិថុនា បានប្រកាសថា ទំនាក់ទំនងជាមួយប្រទេសចិនល្អប្រសើរណាស់ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរយៈពេលពីរថ្ងៃ បានផ្តល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលរួមបញ្ចូលសម្បទានរបស់ចិន លើវត្ថុធាតុរ៉ែកម្រជាមួយទីក្រុងវ៉ាស៊ីនតោន ដែលអនុញ្ញាតឱ្យនិស្សិតចិន សិក្សានៅសាកលវិទ្យាល័យនានារបស់អាមេរិក។

ដោយបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា កិច្ចព្រមព្រៀងរបស់លោកជាមួយប្រទេសចិន បានធ្វើរួចរាល់ហើយ។ ប៉ុន្តែលោកបានកត់សម្គាល់ថាវានៅតែទាមទារការយល់ព្រមចុងក្រោយពីប្រធានាធិបតីចិន Xi Jinping និងរូបលោកផ្ទាល់។

នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិន នឹងផ្គត់ផ្គង់រ៉ែ និងមេដែកកម្រសម្រាប់ឧស្សាហកម្មអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោននឹងអនុញ្ញាតឱ្យនិស្សិតចិនបន្តការសិក្សាក្នុងបណ្ដាសាកលវិទ្យាល័យអាមេរិក ដែលជាការបញ្ច្រាសពីការគំរាមកំហែងកាលពីកន្លងទៅក្នុងការលុបចោលទិដ្ឋាការរបស់ពួកគេ។

លោក Trump បានបន្ថែមថា លោកប្រធានាធិបតី Xi និងរូបលោក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបើកចំហប្រទេសចិន ចំពោះពាណិជ្ជកម្មអាមេរិក ។



រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា កិច្ចពិភាក្សានៅទីក្រុងឡុងដ៍គឺ ស្ថិតនៅលើផ្លូវត្រូវទាំងស្រុង ដោយបន្ថែមថាទីក្រុងប៉េកាំង នឹងចាប់ផ្តើមអនុម័តកម្មវិធីមេដែកអាមេរិកភ្លាមៗ បន្ទាប់ពីការយល់ព្រមផ្លូវការនៃកិច្ចព្រមព្រៀងនេះ ហើយអាមេរិកនឹងដកវិធានការនៅពេលចិនចាត់វិធានការលើការងារនេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារលោកអាមេរិក Scott Bessent បានព្រមានថាកិច្ចព្រមព្រៀងទូលំទូលាយជាមួយប្រទេសចិននឹងចំណាយពេលដំណើរការយូរ ដោយនិយាយថាវាអាចទៅរួចដើម្បីធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងបាន លុះត្រាតែទីក្រុងប៉េកាំងបង្ហាញភាពជាដៃគូដែលអាចទុកចិត្ត បានក្នុងការចរចាពាណិជ្ជកម្ម៕