អាមេរិក នឹងដកបុគ្គលិកមួយចំនួនពីមជ្ឈិមបូព៌ា ស្របពេលភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (១១ មិថុនា) ថា បុគ្គលិកអាមេរិក កំពុងត្រូវបានផ្លាស់ប្តូរចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែ “ទីនោះអាចជាកន្លែងដ៏គ្រោះថ្នាក់” ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរនោះទេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅព្រឹកថ្ងៃពុធ យោងតាមប្រភពអាមេរិក និងអ៊ីរ៉ាក់ថា សហរដ្ឋអាមេរិក កំពុងរៀបចំការជម្លៀសដោយផ្នែកនៃស្ថានទូតអ៊ីរ៉ាក់របស់ខ្លួន ហើយនឹងអនុញ្ញាតឱ្យទាហានរបស់ខ្លួន ចាកចេញពីទីតាំងជុំវិញមជ្ឈិមបូព៌ា ដោយសារហានិភ័យសន្តិសុខកើនឡើងក្នុងតំបន់។

ប្រភពទាំងបួនរបស់សហរដ្ឋអាមេរិក និងប្រភពពីររបស់អ៊ីរ៉ាក់ មិនបាននិយាយថា តើហានិភ័យសន្តិសុខនោះជាអ្វីខ្លះទេដែលជំរុញឱ្យមានការសម្រេចចិត្តនេះ ហើយរបាយការណ៍នៃការជម្លៀសដែលអាចកើតមាននោះ បានរុញឱ្យតម្លៃប្រេងឡើងលើសពី ៤%។ មន្ត្រីអាមេរិកម្នាក់និយាយថា ក្រសួងការបរទេសបានអនុញ្ញាតឱ្យមានការចាកចេញពីបារ៉ែន និងគុយវ៉ែត ដោយស្ម័គ្រចិត្ត។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “បុគ្គលិកកំពុងត្រូវបានផ្លាស់ចេញពីតំបន់មជ្ឈិមបូព៌ា ព្រោះទីនោះអាចជាកន្លែងគ្រោះថ្នាក់ ហើយអាមេរិក នឹងបន្តតាមដានថានឹងមានអ្វីកើតឡើងបន្ទាប់”។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជម្លៀសបុគ្គលិកមួយចំនួននេះ កើតឡើងក្នុងពេលដែលស្ថានការណ៍ប្រែប្រួលខ្លាំងនៅក្នុងតំបន់។ កិច្ចប្រឹងប្រែងរបស់លោក Trump ក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហាក់ដូចជាជាប់គាំង ហើយចារកម្មសម្ងាត់អាមេរិកបង្ហាញថា អ៊ីស្រាអែលបាននិងកំពុងរៀបចំវាយប្រហារប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕