រភពពីមន្រ្តីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រ កាលថ្ងៃអាទិត្យ (១៥ មិថុនា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រឆាំងផែនការរបស់អ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei។ ប្រភពមួយក្នុងចំណោមនោះគឺមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក បាននិយាយថា៖ “អ៊ីរ៉ង់មិនទាន់បានសម្លាប់ជនជាតិអាមេរិកម្នាក់នៅឡើយទេ។ ទាល់តែពួកគេធ្វើរឿងនេះ បើមិនដូច្នេះទេ អាមេរិកនឹងមិននិយាយពីតាមកម្ចាត់ថ្នាក់ដឹកនាំនយោបាយអ៊ីរ៉ង់ទេ”។
ក្រុមមន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបន្តថា មន្ត្រីជាន់ខ្ពស់របស់អាមេរិក បានធ្វើការទំនាក់ទំនងឥតឈប់ឈរជាមួយមន្ត្រីអ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃមកនេះ ចាប់តាំងពីអ៊ីស្រាអែល បើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់ ក្នុងបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប្រភពលើកឡើងថា អ៊ីស្រាអែល បានរាយការណ៍ថា ពួកគេមានឱកាសសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ប៉ុន្តែលោក Trump បានច្រានចោលផែនការនោះ។ ប្រភពមន្ត្រីទាំងនេះមិនបញ្ជាក់ទេថា តើលោក Trump បានផ្ញើសារនោះដោយផ្ទាល់ឬយ៉ាងណាឡើយ ប៉ុន្តែលោក Trump បានស្ថិតក្នុងការទាក់ទងយ៉ាងញឹកញាប់ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។
នៅពេលត្រូវសាកសួរពីរបាយការណ៍របស់រ៉យទ័រនេះ លោក Netanyahu ក្នុងបទសម្ភាសន៍កាលថ្ងៃអាទិត្យជាមួយប៉ុស្តិ៍ Fox News បាននិយាយថា “មានរបាយការណ៍មិនពិតជាច្រើននៃការសន្ទនាដែលមិនធ្លាប់មាន ហើយរូបលោកនឹងមិននិយាយវែងឆ្ងាយក្នុងរឿងនេះឡើយ”។
លោក Netanyahu បាននិយាយបន្ថែមបែបបញ្ឆិតបញ្ឆៀងថា “លោកគិតថា អ៊ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ ហើយលោកគិតថា សហរដ្ឋអាមេរិក បានដឹងពីអ្វីដែលល្អសម្រាប់សហរដ្ឋអាមេរិក”។ លោក Trump បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា “អាមេរិកដឹងរឿងគ្រប់យ៉ាង” ពីការវាយប្រហាររបស់អ៊ីស្រាអែល៕
Leave a Reply