ហ្សេរុយសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមុខច្រានចោលការអំពាវនាវនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលហាមមិនឱ្យអ៊ីស្រាអែលផ្តាច់ជីវិតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយលោក Netanyahu បានលើកហេតុផលថា វានឹងនាំទៅរកការបិទបញ្ចប់សង្គ្រាមរវាងប្រទេសគូសត្រូវទាំងពីរ។
នៅក្នុងបទសម្ភាសន៍មានរយៈពេល២០នាទី ជាមួយសារព័ត៌មានអាមេរិក ABC News លោកនាយករដ្ឋមន្រ្តី Netanyahu បានគូសបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ គឺជម្រើសដ៏ត្រឹមត្រូវ ហើយបានហៅមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ជា “ហ៊ីត្លែរសម័យទំនើប”។
ប៉ុន្តែនៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលថា លោកប្រធានាធិបតី Trump បានជំទាស់នឹងផែនការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយបារម្ភខ្លាចថា វានឹងបង្កើនជម្លោះកាន់តែធំរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះ លោក Netanyahu បានច្រាលចោលការព្រួយបារម្ភបែបនេះ ហើយថែមទាំងបានអះអាងថា វានឹងមិនធ្វើឱ្យជម្លោះកើនឡើងនោះទេ ផ្ទុយទៅវិញជម្លោះនឹងត្រូវបិទបញ្ចប់។
មេដឹកនាំអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការបង្កាត់ភ្លើងសង្រ្គាមយូរអង្វែង គឺជាអ្វីដែលអ៊ីរ៉ង់ចង់បាន ហើយពួកគេកំពុងនាំពួកយើងទៅកាន់មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ ហើយជាការពិតណាស់ យើងកំពុងរារាំងកុំឱ្យរឿងបែបនេះកើតឡើង។
យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី Netanyahu មិនបានបង្ហើបថាតើអ៊ីស្រាអែលកំពុងព្យាយាមកំណត់គោលដៅវាយប្រហារលើលោក Ayatollah Ali Khamenei ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែនិយាយថា យើងកំពុងធ្វើអ្វីដែលយើងត្រូវធ្វើ៕
ប្រភព ៖ South China Morning Post
Leave a Reply