រុស្ស៊ី៖ កាលបរិច្ឆេទនៃកិច្ចចរចាជុំថ្មីជាមួយអ៊ុយក្រែន អាចត្រូវបានប្រកាសនៅសប្តាហ៍ក្រោយ

អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ី លោក Dmitriy Peskov បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីរំពឹងថានឹងយល់ព្រមលើកាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំទីបីជាមួយអ៊ុយក្រែននៅសប្តាហ៍ក្រោយ បន្ទាប់ពីជុំទី២បានធ្វើឡើងនៅប្រទេសទួរគី។

លោក Peskov បាននិយាយថា ពួកលោកនឹងរង់ចាំរហូតដល់កិច្ចព្រមព្រៀងត្រូវបានសម្រេចនៅកាលបរិច្ឆេទសម្រាប់ជុំបន្ទាប់នៃកិច្ចពិភាក្សាអ្នកជំនាញនៅសប្តាហ៍ក្រោយ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីគឺមានភាពម៉ឺងម៉ាត់ ចំពោះការចរចាជាមួយទីក្រុង Kiev ។

លើសពីនេះទៀតលោក Peskov បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Trump មុននេះដែលបានថា ប្រធានាធិបតី Putin នៃសហព័ន្ធរុស្ស៊ីគួរតែដោះស្រាយជម្លោះនៅអ៊ុយក្រែនជាដំបូងហើយបន្ទាប់មកចូលរួមក្នុងការប៉ុនប៉ងដើម្បីស្អំភាពតានតឹងនៅមជ្ឈិមបូព៌ា ។

លោក Peskov និយាយថា លោកTrump មានភាសា និងវិធីនិយាយតែមួយគត់។ រុស្ស៊ី មានការអត់ឱនយ៉ាងខ្លាំង ហើយរំពឹងថា ការអត់ឱននឹងត្រូវបានបង្ហាញចំពោះពួកលោកផងដែរ។ពួកលោកមានការអធ្យាស្រ័យចំពោះអ្នកឆ្លើយឆ្លងរបស់ពួកលោក ដូច្នេះរុស្ស៊ី មិនចាត់ទុកថានេះជាការនិយាយមិនពិតនោះទេ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា អ៊ុយក្រែនត្រូវតែយល់ស្រប នឹងទទួលយកការពិតថ្មី ហើយថាស្ថានភាពបានប្រែប្រួលហើយ បើធៀបទៅនឹងអ្វីដែលបានកើតឡើងកាលពី៣ឆ្នាំមុន ដោយលោកបានបង្ហាញសុទ្ធិដ្ឋិនិយមអំពីវឌ្ឍនភាពឆ្ពោះទៅកាន់ជុំទី៣ជាមួយអ៊ុយក្រែន៕