(បន្ទាយមានជ័យ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ នៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ព្រមទាំងបានចែកអំណោយជូនដល់រងគ្រោះដោយសារអំពើជួញដូរ ដែលកំពុងសិក្សាជំនាញនៅក្នុងមណ្ឌលផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ឯកឧត្ដម ជា សុមេធី ក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ កុំបន្តធ្វេីចំណាក់ស្រុកដោយខុសច្បាប់ ងាកមករកការងារដ៍សំបូរណ៍បែបនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដម បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្តល់ឱកាសការងារជូនបងប្អូន ជាពិសេសបងប្អូនពលករជាច្រើនកន្លែង ក៏ដូចជាមានបណ្តុះបណ្តាលជំនាញ មួយពិតប្រាកដសម្រាប់បងប្អូនអាចយកទៅប្រកបរបចិញ្ចឹមជីវិតដោយមិនចាំបាច់ធ្វេីចំណាកស្រុក។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ ឬពិការភាពអ្វីនោះឡើយ៕
Leave a Reply