សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប។
កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ
កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរូមបញ្ចូលរបៀបវារៈមួយចំនួនរួមមានពិធីបើកដោយផ្តោតលើការស្តាប់របាយការណ៍នៃកិច្ចពិភាក្សា បទអន្តរាគមន៍ កម្មពិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងពិធីបិទ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើនក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងការជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ៖ គង់ សិរីរ័ត្ន AKP
Leave a Reply