រុស្ស៊ីព្រមានថា ប្រទេសជាច្រើននឹងអូសអាវុធនុយក្លេអ៊ែរចេញពីឃ្លាំងយកទៅជួយអ៊ីរ៉ង់

មូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ីបានចេញមុខព្រមានខ្លាំងៗថា ប្រទេសជាច្រើនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកឃ្លាំងអូសអាវុធនុយក្លេអ៊ែរផ្គត់ផ្គង់ដល់អ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News នៅថ្ងៃទី២៣ ខែមិថុនា។

លោក Dmitry Medvedev ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា ការចម្រាញ់វត្ថុធាតុនុយក្លេអ៊ែរ និងការផលិតអាវុធនុយក្លេអ៊ែរនាពេលអនាគតនឹងបន្ត។

លោក Medvedev បានលើកឡើងថា ប្រទេសមួយចំនួនបានត្រៀមខ្លួនជាស្រេច ក្នុងការផ្គត់ផ្គង់អ៊ីរ៉ង់ដោយផ្ទាល់នូវក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេ។ យ៉ាងណា លោក Medvedev មិនបានបញ្ជាក់ច្បាស់ពីចំនួន និងឈ្មោះប្រទេសដែលអាចចូលរួម និងគាំទ្រអ៊ីរ៉ង់ទេ។ ប៉ុន្តែប្រវត្តិសាស្ត្រពីមុន រុស្ស៊ីបានគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ការព្រមានបែបនេះរបស់លោក Medvedev ធ្វើឡើងបន្ទាប់ពីអាមេរិកបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍មុន មានឈ្មោះថា “Operation Midnight Hammer”។ លោកឧត្តមសេនីយ៍ Dan Caine ប្រធាននាយសេនាធិការចម្រុះអាមេរិកប្រាប់អ្នកសារព័ត៌មានថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៧គ្រឿងបានហោះហើរអស់ ១៨ម៉ោងពីអាមេរិកទៅកាន់អ៊ីរ៉ង់ ដើម្បីទម្លាក់គ្រាប់បែក “ឃួងបំផ្ទុះគោលដៅក្រោមដី” ចំនួន ១៤គ្រាប់។

សរុបមក អាមេរិកបានបាញ់គ្រាប់បែកប្រើប្រព័ន្ធបញ្ជាចំនួន ៧៥គ្រាប់ រួមទាំងមីស៊ីល Tomahawk ជាង ២០គ្រាប់ និងយន្តហោះយោធាលើសពី ១២៥គ្រឿង ក្នុងប្រតិបត្តិការប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែងរបស់អ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។

ប្រតិបត្តិការយោធាអាមេរិកនេះ បានរុញច្រានស្ថានការណ៍នៅមជ្ឈិមបូព៌ាឆ្ពោះទៅកាន់គែមដ៏មហន្តរាយថ្មីមួយទៀត នៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញអស់រយៈពេលជាង ២០ខែមកហើយ ដោយសារសង្គ្រាមនៅហ្គាហ្សា និងលីបង់ រួមទាំងការផ្តួលរលំមេដឹកនាំផ្តាច់ការនៅស៊ីរី៕

ប្រភព ៖ Fox News និង Reuters