លោក JD Vance ថា អ៊ីរ៉ង់អស់លទ្ធភាពផលិតអាវុធនុយក្លេអ៊ែរទៀតហើយ

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា អ៊ីរ៉ង់លែងមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរបានតទៅទៀតហើយ បន្ទាប់ពីអាមេរិកបានវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TRT Global។

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី២៣ ខែមិថុនា លោកអនុប្រធានាធិបតី Vance បានគូសបញ្ជាក់ថា អ៊ីរ៉ង់គឺជិតមានអាវុធនុយក្លេអ៊ែរហើយ តែឥឡូវនេះ អ៊ីរ៉ង់មិនអាចមានសមត្ថភាពបង្កើតអាវុធនុយក្លេអ៊ែរជាមួយឧបករណ៍ដែលពួកគេមានទៀតទេ ពីព្រោះយើងបានបំផ្លាញវាអស់ហើយ។

លោកអនុប្រធានាធិបតី Vance បានអះអាងថា ថ្ងៃស្អែកពិតជាថ្ងៃថ្មី ជាថ្ងៃបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ ការបញ្ចប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងការចាប់ផ្តើមអ្វីមួយដ៏ធំសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា។

យ៉ាងណា លោកអនុប្រធានាធិបតី Vance ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់ព្យាយាមចាប់ផ្តើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ នោះនឹងត្រូវប្រឈមជាមួយនឹងយោធាអាមេរិកដ៏ខ្លាំងមួយទៀត។

ការអត្ថាធិប្បាយរបស់លោក Vance ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានចូលជាធរមាននៅក្នុងថ្ងៃអង្គារនេះ ហើយថែមទាំងបានព្រមានភាគីជម្លោះទាំងពីរកុំឱ្យបំពានវា។

គួរកត់សម្គាល់ អាមេរិកកបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍ មានឈ្មោះថា “Operation Midnight Hammer”។ លោកឧត្តមសេនីយ៍ Dan Caine ប្រធាននាយសេនាធិការចម្រុះអាមេរិកប្រាប់អ្នកសារព័ត៌មានថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៧គ្រឿងបានហោះហើរអស់ ១៨ម៉ោងពីអាមេរិកសំដៅទៅកាន់អ៊ីរ៉ង់ ដើម្បីទម្លាក់គ្រាប់បែក “ឃួងបំផ្ទុះគោលដៅក្រោមដី” ចំនួន ១៤គ្រាប់។

សរុបមក អាមេរិកបានបាញ់គ្រាប់បែកប្រើប្រព័ន្ធបញ្ជាចំនួន ៧៥គ្រាប់ រួមទាំងមីស៊ីល Tomahawk បាញ់ចេញពីនាវាមុជទឹកជាង ២០គ្រាប់ និងយន្តហោះយោធាលើសពី ១២៥គ្រឿង ក្នុងប្រតិបត្តិការប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែងរបស់អ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ៕

ប្រភព ៖ TRT Global និងរ៉យទ័រ