មេអ៊ីស្រាអែលថា ឈ្នះសង្គ្រាមអ៊ីរ៉ង់ ត្រឹម១២ថ្ងៃ

ទេស ៖ មេដឹកនាំប្រទេសអ៊ីស្រាអែល លោក Netanyahu កាលពីថ្ងៃអង្គារ បានប្រកាសកោតសរសើរ នូវអ្វីដែល លោកហៅថា «ជ័យជំនះ ជាប្រវត្តិសាស្ត្រ» ក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលបានអូសបន្លាយ ១២ថ្ងៃមកនេះ។

ក្នុងសុន្ទរកថា តាមទូរទស្សន៍ ទៅកាន់ប្រជាជាតិ បន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់ លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងរារាំងទីក្រុង Tehran ក្នុងការកសាងឡើងវិញ នូវកន្លែងនុយក្លេអ៊ែររបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា «អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរទេ…យើងបានបង្អាក់គម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់…ហើយប្រសិនបើនរណាម្នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ព្យាយាមកសាងវាឡើងវិញ យើងនឹងធ្វើសកម្មភាព ដោយមានការប្តេជ្ញាចិត្តដូចគ្នា ដើម្បីលុបបំបាត់ការប៉ុនប៉ងណាមួយ»។

អ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃអង្គារ ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការវិលត្រឡប់ទៅរកការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកវិញ នៅពេលដែលបទឈប់បាញ់ បានធ្វើឡើង។ ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសរបស់លោកនឹងបន្ត «អះអាងសិទ្ធិស្របច្បាប់របស់ខ្លួន» ចំពោះការប្រើប្រាស់ថាមពលបរមាណូ ដោយសន្តិវិធី៕

ប្រភពពី AFP