អ៊ីរ៉ង់អំពាវនាវឱ្យ UN ទទួលស្គាល់អាមេរិកនិងអ៊ីស្រាអែលថា ជាប្រទេស«ឈ្លានពាន»

បរទេស៖ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ UNSC ទទួលស្គាល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថាជាប្រទេស «ឈ្លានពាន» លើអ៊ីរ៉ង់ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CGTN។

នៅក្នុងលិខិតមួយ ផ្ញើទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង ប្រធាន UNSC លោក Araghchi បានជំរុញឱ្យក្រុមប្រឹក្សាមួយនេះ បំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA។

លោក Araghchi បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅ ដោយចេតនា លើអគារលំនៅដ្ឋាន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយពណ៌នាអំពីការវាយប្រហារនេះថា ជា “ការរំលោភបំពានយ៉ាងច្បាស់” នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជា “ការបំពានយ៉ាងធ្ងន់ធ្ងរ” នៃច្បាប់អន្តរជាតិ។

លោក Araghchi បាននិយាយថា ប្រទេសទាំងពីរនេះ ក៏បានកំណត់គោលដៅ ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលការពារដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA ជា “ការរំលោភយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិនរីកសាយភាយ ក៏ដូចជា បំពានលើដំណោះស្រាយរបស់ IAEA។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា UNSC គួរតែ ឲ្យ “អ្នកឈ្លានពាន” ទាំងនេះ ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ដើម្បីទប់ស្កាត់ កុំឲ្យមាន “ឧក្រិដ្ឋកម្ម” បែបនេះ បន្តទៀត។

គួររម្លឹកថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើ នក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់។ អ៊ីរ៉ង់បានឆ្លើយតបនឹងការវាយប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើក មកលើអ៊ីស្រាអែល។

នៅថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិកបានទម្លាក់គ្រាប់បែក លើរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ចំនួនបី។ ជាការសងសឹក អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិក ក្នុងប្រទេសកាតា។

បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១២ ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវបានសម្រេចឲ្យមាន កាលពីថ្ងៃអង្គារ សប្តាហ៍មុន៕

ប្រភពពី CGTN