សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអអរសាទរខួប៧៤ឆ្នាំសម្រាប់កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអអរសាទរខួប៧៤ឆ្នាំសម្រាប់កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារ​អបអរ​សាទរ​ខួប​លើក​ទី៧៤​ឆ្នាំ ចំពោះព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ -៣ កក្កដា ២០២៥ ) ខណៈ​រយៈពេល​៧៥​ឆ្នាំ​មក​នេះ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​មាន​ចំនួន​១៤​ហើយ ដែលបានចុះបញ្ជីចូលអង្គការយូណេស្កូនោះ។

​តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃ​នេះ​គឺ​ជាខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៥) ដែលអង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ត្រូវ​បាន​បង្កើត​ឡើង​នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និង​សន្តិសុខ​ក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាម​រយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនងជាដើម។

​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងទៀតថា ចាប់តាំង​ពីក​ម្ពុជា​បាន​ចូល​ជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជី​នូវ​សម្បតិ្ត​បេតិក​ភណ្ឌ​រូបី​,សម្បតិ្ត​បេតិ​កភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកជាបន្តបន្ទាប់ ដើម្បីថែរក្សា​នូវ​ទម្រង់​ដើម​នៃ​វប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ។

សូមបញ្ជាក់ថា គិតរហូតដល់ឆ្នាំ២០២៥នេះសម្បត្តិវប្បធម៌របស់ខ្មែរចំនួន១៥ហើយ ដែល​បាន​ចុះ​បញ្ជី​ក្នុង​អង្គការយូណេស្កូ ដោយក្នុងនោះរួមមាននបញ្ជីបេតិកភណ្ដពិភពលោក ១ រមណីយដ្ឋាន​អង្គរ​ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ ២ ប្រាសាទ​ព្រះវិហារ​ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ទី៣ ប្រាសាទ​សំបូរ​ព្រៃគុក ចុះថ្ងៃទី៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ និងទី៤​ប្រាសាទ​កោះ​កេរ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ មានដូចជា១ របាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី។ ២ ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ នៅទៅក្រុងប៉ារីស ប្រទេសបារាំង។ ៣ ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ​ទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ៤ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទី​ក្រុង​អេតឌីស​អាបាបា ប្រទេសអេត្យូពី។ ៥ ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង​ព័រល្វី នៃសាធារណរដ្ឋម៉ូរីស។ ៦ គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជា​ណាចក្រក្រម៉ារ៉ុក និងទី៧ក្រមាខ្មែរ ចុះបញ្ជីនាថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់​ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។

ដោយឡែក បញ្ជីស្មារតីចងចាំនៃពិភពលោក មានដូចជា ១បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស។ ២ ឯកសារ​សំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្ត​ខ្វាង​ចូវ ប្រទេសចិន។ ៣ រឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេស​បារាំង និងជាដើម៕ អត្ថបទ៖ បាន ចក់