មនុស្ស ២២នាក់បានស្លាប់ ដោយសារការបាក់អគារសាលារៀននៅប្រទេសនីហ៊្សេរីយ៉ា

ទូរទស្សន៍ ស្កាយញូវស៍ (Sky news) បានរាយការណ៍កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ថា មនុស្ស ២២ នាក់បានស្លាប់ បន្ទាប់ពីអគារសិក្សាកម្ពស់ពីរជាន់មួយកន្លែង បានបាក់រលំនៅក្នុងរដ្ឋ ផ្លាតេអ៊ូ (Plateau) ភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា។

សារព័ត៌មាន Sky news បាននិយាយដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យនគរបាលថា មនុស្សសរុបចំនួន ១៥៤ នាក់ត្រូវបានជាប់នៅក្រោមកម្ទេចកម្ទីអគារ ហើយមនុស្សគ្រប់គ្នាក្រៅពីអ្នកស្លាប់ត្រូវបានជួយសង្គ្រោះឱ្យរួចជីវិត និងកំពុងត្រូវបានព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) របស់នីហ៊្សេរីយ៉ា បាននិយាយនៅក្នុងការបង្ហោះ ហ្វេសប៊ុក (Facebook) ថាមនុស្ស ៣០ នាក់នៅតែត្រូវសម្រាកនៅមន្ទីរពេទ្យ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបញ្ចប់ ហើយទីតាំងកើតហេតុត្រូវបានសម្អាត។

អគារកម្ពស់ពីរជាន់ដែលជាកម្មសិទ្ធិរបស់សាលារៀន សេន អាខេដេមី (Saint Academy) ក្នុងសហគមន៍ ប៊ូសា ប៊ូជី (Busa Buji) នៃស្រុក ចូស (Jos) ភាគខាងជើងនៃរដ្ឋ បានដួលរលំក្នុងអំឡុងពេលម៉ោងសិក្សាប្រហែលម៉ោង ០៧:៣០ព្រឹក (ម៉ោងក្នុងស្រុក)។

ការដួលរលំអគារគឺកើតមានជាញឹកញាប់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកមួយនេះ ដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពធូររលុង និងជារឿយៗដោយសារសម្ភារៈសំណង់មិនមានស្តង់ដារ៕