បេរូត ៖ មេដឹកនាំក្រុម Hezbollah លោក Naim Qassem បានចេញមុខព្រមានធ្ងន់ៗកាលពីថ្ងៃអាទិត្យថា ក្រុមប្រដាប់អាវុធរបស់លោកគ្មានថ្ងៃលុតជង្គង់សុំចុះចាញ់ឡើយ បើទោះបីជាមានការគំរាមកំហែងពីអ៊ីស្រាអែលក៏ដោយ។
មេធំក្រុម Hezbollah រូបនេះ បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ទៅកាន់អ្នកគាំទ្ររបស់គាត់រាប់ពាន់នាក់ថា អ្នកប្រយុទ្ធរបស់ក្រុមលោក នឹងមិនទម្លាក់អាវុធរបស់ពួកគេឡើយ ដរាបណាការឈ្លានពានរបស់អ៊ីស្រាអែលលើលីបង់ត្រូវតែបញ្ឈប់ជាមុនសិន។
លោក Qassem បានអះអាងថា អ៊ីស្រាអែលត្រូវតែគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ ហើយដកខ្លួនចេញពីទឹកដីដែលពួកគេកាន់កាប់ និងបញ្ឈប់ការឈ្លានពាន រួចដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនក្នុងអំឡុងសង្រ្គាមកាលពីឆ្នាំមុន ហើយការកសាងប្រទេសលីបង់ឡើងវិញត្រូវតែចាប់ផ្តើម។
លោក Qassem ដែលឡើងស្នងតំណែងជាមេដឹកនាំក្រុម Hezbollah បន្តពីលោក Hassan Nasrallah ដែលត្រូវបានអ៊ីស្រាអែលសម្លាប់កាលពីខែកញ្ញានោះ បានសង្កត់ធ្ងន់ទៀតថា មានតែធ្វើបែបនេះទេ ទើបយើងអាចត្រៀមខ្លួនពិភាក្សាអំពីយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិ ដែលរួមមានទាំងបញ្ហារំលាយក្រុមប្រដាប់វុធ ក្រុម Hezbollah៕
ប្រភព ៖ AFP
Leave a Reply