លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។

ក្រុមហាម៉ាសកាលពីថ្ងៃពុធ៩ កក្កដាសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ១០ នាក់ជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានវាយតម្លៃខ្ពស់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងបន្ត។

សេចក្តីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេលបួនថ្ងៃដែលត្រូវបានសម្របសម្រួលដោយកាតា ហើយខណៈសហរដ្ឋអាមេរិកបានបង្ហាញពីជំនឿរបស់ខ្លួនថាកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃនឹងត្រូវបានចុះហត្ថលេខានៅមុនដំណាច់សប្តាហ៍នេះ។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ នឹងនាំយកចំណាប់ខ្មាំងនៅរស់ចំនួន ១០ នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើប្រទេសអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមរហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងចំណោមចំណាប់ខ្មាំង២៥១ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយលុកលើសហគមន៍ព្រំដែនអ៊ីស្រាអែលនៅជិតតំបន់ហ្កាហ្សា ៤៩ នាក់នៅតែត្រូវបានឃុំខ្លួនក្នុងទឹកដីនេះ រួមទាំង២៧ នាក់ ដែលទាហានអ៊ីស្រាអែលនិយាយថាពួកគេបានស្លាប់។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាស បាននិយាយថា ឧបសគ្គសំខាន់ៗនៅតែមានក្នុងកិច្ចចរចា ជាពិសេសលំហូរដោយសេរីនៃជំនួយទៅកាន់តំបន់ហ្កាហ្សា ការដកទ័ពអ៊ីស្រាអែលចេញពីដែនដីហ្កាហ្សា និងការធានាពិតប្រាកដសម្រាប់សន្តិភាពយូរអង្វែង។

ប៉ុន្តែក្រុមនេះបានបន្ថែមថា ចំណាត់ការនេះបានបង្ហាញពីភាពបត់បែនដែលត្រូវការហើយបានយល់ព្រមដោះលែងចំណាប់ខ្មាំង១០នាក់ ៕