សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ក្នុងពិធីនេះ សម្តេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឱ្យដំណើរការ គណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផល​ជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាម​ជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល ។

សម្តេចធិបតី ក៏បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិ ការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ឆ្លើយតបទៅនឹងតម្រូវ​ការចាំបាច់ជាក់ស្តែងនៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាព ឬឯកភាព នៃការអនុវត្តច្បាប់។ ទន្ទឹមនេះ, គណៈកម្មាធិការដឹកនាំ ការកទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការ គណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីធានាសង្គតិភាព និងឯកភាព នៃការប្រើប្រាស់ពាក្យច្បាប់ និងភាសាច្បាប់ ទាំងសម្រាប់នីតិសាមញ្ញ និងនីតិវិសេស ។

គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវចាត់ចែងរៀបចំនិងដាក់ឱ្យអនុវត្តនូវមគ្គទេសក៍នៃ សិល្បសាស្ត្រនីតិកម្ម ឬនីតិនិពន្ធវិទ្យា (Guide de Légistique) និងមគ្គទេសក៍ នៃក្រមូបនីយកម្ម ឬ​នីតិ​ក្រមវិទ្យា (Guide de Codistique) ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពនៃការពិនិត្យលើការតាក់តែងខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំព្រាងដោយក្រសួង ស្ថាប័នជំនាញ និងចងក្រង ជាកម្រងច្បាប់ ឬនីតិក្រម ទៅតាមវិស័យច្បាប់ជំនាញនីមួយៗ ប្រកបដោយតក្កវិជ្ជាគតិយុត្ត និងនវានុវត្តន៍នីតិសាស្ត្រ (Legal innovation)។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូ​អភិវឌ្ឍន៍, វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមចំណែកយ៉ាងសកម្ម អន្តរសកម្ម និងបុរេសកម្ម ស្របតាមមុខងារនិងភារកិច្ចជាធរមាន និង​ក្រប​ខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឈានទៅសម្រេច​ចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋនៅកម្ពុជា ជាពិសេសដើម្បីបង្កើនជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ, វិនិយោគិន និងវិស័យឯកជន មកលើប្រព័ន្ធច្បាប់កម្ពុជា ៕