បរទេស៖ លោក Alexander Grushko អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្ស៊ី បានចោទប្រកាន់ថា សហភាពអឺរ៉ុបនិងសម្ព័ន្ធយោធាអន្តរជាតិ ណាតូ កំពុងរៀបផែនការ ធ្វើសង្គ្រាម ជាមួយទីក្រុងមូស្គូ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu Ajansı កាលពីថ្ងៃទី៩ ខែកក្កដា។
អ្នកការទូតរូបនេះ បានប្រាប់សភាជាន់ទាប របស់រុស្ស៊ីថា នេះគឺជាបញ្ហាធ្ងន់ធ្ងរបំផុត ចំពោះសន្តិសុខជាតិ។ លោក Grushko បានរិះគន់ ដល់អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ហៅកាត់ OSCE ចំពោះការខ្វះខាតកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលកំពុងកើនឡើង ដោយព្រមានថា ស្ថាប័នអន្តរជាតិមួយនេះ ប្រឈមនឹងហានិភ័យ បាត់បង់ជំនឿទុកចិត្ត នយោបាយសំខាន់ៗ ដែលនាំឲ្យជោគវាសនារបស់ OSCE នឹងអស់តម្លៃ។
លោក Alexander Grushko ក៏បានរាយការណ៍ប្រាប់ថា អឺរ៉ុបកំពុងរៀបចំ ដាក់កញ្ចប់ទណ្ឌកម្ម ដ៏តឹងតែងបំផុត ប្រឆាំងនឹងរុស្ស៊ី ដោយយោងតាម រដ្ឋមន្ត្រីការបរទេសបារាំង។
ប៉ុន្តែ លោក Grushko អះអាងថា ទីក្រុងម៉ូស្គូមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការទប់ទល់នឹងសម្ពាធ បែបនេះ រួមមានទាំងការ ការពារ ការអភិវឌ្ឍសង្គម និងផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈការដាក់ទណ្ឌកម្មប្រឆាំង ពីលោកខាងលិច ទាំងនេះ។ លោកបានអះអាង ហាក់មានជំនឿលើបារាំងថា ស្ថានភាពទំនាក់ទំនងការទូត រវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស នៅតែមិនផ្លាស់ប្តូរ បន្ទាប់ពីការសន្ទនា តាមទូរស័ព្ទ រវាងលោក ប្រធានាធិបតី Vladimir Putin និង លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃទី១ ខែកក្កដា៕
ប្រភពពី Anadolu Ajansı
Leave a Reply