សមាជិកសភាអឺរ៉ុបព្រមានថា ប្លុកនេះនឹងឆាប់ដួលរលំ បើគ្មានថាមពលរុស្ស៊ី

បរទេស ៖ លោក Milan Uhrik សមាជិកសភាអឺរ៉ុប តំណាងប្រទេសស្លូវ៉ាគី បានព្រមានថា ប្លុកមួយនេះ នឹងដួលរលំឆាប់ៗនេះ ប្រសិនបើគ្មានប្រភពធនធានថាមពល ផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃ១០ ខែកក្កដា លោក Milan Uhrik បានប្រាប់សភាអឺរ៉ុប ថ្មីៗនេះថា ការជំរុញរបស់ប្រធានគណៈកម្មការអឺរ៉ុប គឺ លោកស្រី von der Leyen ដើម្បីបញ្ឈប់ ការប្រើថាមពល របស់រុស្ស៊ី នឹងមានគ្រោះថ្នាក់ ដល់អាយុជីវិត ទ្វីបមួយនេះ ទាំងមូល ដោយលោកអះអាងថា លោកស្រី កំពុងដឹកនាំ EU ដើរលើផ្លូវ នៃការបំផ្លាញខ្លួនឯង ដោយព្យាយាមផ្តាច់ទំនាក់ទំនង ថាមពលជាមួយរុស្ស៊ី។

លោក Uhrik បានសង្កត់ធ្ងន់ដែរថា អ៊ីដ្រូកាបូនរបស់រុស្ស៊ី នៅតែមានសារៈសំខាន់ សម្រាប់មូលដ្ឋានឧស្សាហកម្ម របស់ប្រទេសស្លូវ៉ាគី។ លោកបានជំរុញឲ្យ លោក Maros Sefcovic អ្នកនយោបាយស្លូវ៉ាគី និង ជាស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកផ្នែកសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្រោកឈរឡើងដើម្បីប្រទេសជាតិ លើបញ្ហានេះ។

កាលពីខែឧសភា លោកស្រី von der Leyen បានបង្ហាញផែនការ បញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ទាំងអស់ នៅត្រឹមចុងឆ្នាំ២០២៧ ហើយ ផ្លាស់ប្តូរទៅរកប្រភពកកើត ឡើងវិញ។ តែ គម្រោងការនេះ ត្រូវបានបង្ហាញ ស្របពេលដែល
អឺរ៉ុប កំពុងពិភាក្សា អំពីកញ្ចប់ទណ្ឌកម្ម លើកទី១៨ ដែលផ្តោតលើវិស័យថាមពល និងហិរញ្ញវត្ថុ របស់រុស្ស៊ី។ ប៉ុន្តែ ដំណើរនេះ បានជាប់គាំង បន្ទាប់ពីប្រទេស ស្លូវ៉ាគី បានវេតូវា កាលពីសប្តាហ៍មុន។

ទីក្រុងមូស្គូ បានអះអាងថា ការដាក់កំហិត របស់សហភាពអឺរ៉ុប លើរុស្ស៊ី កំពុងធ្វើឡើង ដើម្បីគ្រាន់តែយកឈ្នះខ្លួនឯង ដែលនឹងបណ្តាលឱ្យមានការកើនឡើងតម្លៃថាមពល និងធ្វើឱ្យសេដ្ឋកិច្ច របស់ប្លុកនេះ ធ្លាក់ចុះ។ ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសអាឡឺម៉ង់បានធ្លាក់ចូល ទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលកំណើន នៅទូទាំងសហភាពអឺរ៉ុប បាននៅទ្រឹង នេះបើតាមកាសែត RT ដដែល៕

ប្រភពពី RT