នាយករដ្ឋមន្ត្រីថៃដែលត្រូវព្យួរតំណែង Paetongtarn រងការស៊ើបអង្កេតពីបទរំលោភក្រមសីលធម៌និងបំពានអំណាចដោយចេតនា
យោងតាមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃចន្ទ ១៤ កក្កដាសប្ដាហ៍នេះ ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃនឹងបើកការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរពីតំណែង លោកស្រី Paetongtarn Shinawatra ពីបទបំពានច្បាប់របស់ប្រទេសថៃក្នុងនាមជាមេដឹកនាំ។
ការស៊ើបអង្កេតនេះនឹងក្លាយជាការវាយប្រហារមួយផ្សេងទៀតចំពោះរដ្ឋាភិបាលដែលជាប់គាំងរបស់ លោកស្រី Paetongtarn វ័យ៣៨ឆ្នាំ ជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃដែលតុលាការធម្មនុញ្ញបានព្យួរពីតំណែងកាលពីដើមខែនេះទាក់ទងនឹងបញ្ហាដូចគ្នា ដែលប្រជាជនថៃ ចោទប្រកាន់ថាខ្វះសមត្ថភាពដឹកនាំប្រទេស និងទាមទារឲ្យលាលែងពីតំណែង។
ចាប់តាំងពីពាក់កណ្ដាលខែមិថុនាមក គេបានមើលឃើញភាពចលាចលកាន់តែខ្លាំងផ្ទុះឡើងនៅក្នុងប្រទេសថៃ ប្រឆាំងនឹងការដឹកនាំរបស់លោកស្រី Paetongtarn ដោយការតវ៉ាទាមទារឱ្យលោកស្រីលាលែងពីតំណែង និងការចាកចេញពីសម្ព័ន្ធភាពនៃគណបក្សធំទី២របស់ខ្លួន ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកស្រីមានសំឡេងភាគច្រើនស្ដួចស្តើង។
មន្ត្រីម្នាក់មកពីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា គណៈកម្មការបានបង្កើតក្រុមស៊ើបអង្កេតរួចរាល់ហើយ។
បណ្តឹងនេះបានមកពីសមាជិកព្រឹទ្ធសភាចំនួន៣៦រូបដែលបានដាក់ញត្តិទៅតុលាការធម្មនុញ្ញដោយចោទប្រកាន់លោកស្រី Paetongtarn ជាកូនស្រីរបស់មហាសេដ្ឋីដ៏មានឥទ្ធិពលខាងនយោបាយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពីបទរំលោភលើបទដ្ឋានសីលធម៌ និងបំពានអំណាចដោយចេតនា៕
Leave a Reply