បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើប្រទេសស៊ីរី ខណៈដែលអ៊ីស្រាអែលកំពុងដាក់សម្ពាធ លើទីក្រុង Damascus ឲ្យការពារជនជាតិ ភាគតិច Druze បន្ទាប់ពីការប៉ះទង្គិចគ្នា។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យ របស់លោក Guterres បានប្រាប់សន្និសីទ ខ្លីមួយ កាលពីថ្ងៃពុធថា «លោក អគ្គលេខាធិការ បានថ្កោលទោស បន្ថែមទៀត ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើតំបន់ Suweida, Daraa និង នៅភាគកណ្តាល រដ្ឋធានី Damascus របស់ប្រទេសស៊ីរី ក៏ដូចជា របាយការណ៍ស្តីពីការដាក់ពង្រាយកងកម្លាំងការពារជាតិ អ៊ីស្រាអែល ឡើងវិញ នៅក្នុងតំបន់ Golan ទៀតផង»។
ថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ នៅក្នុងខេត្ត Sweida ភាគខាងត្បូង ប្រទេសស៊ីរី ជាកន្លែង ដែលមនុស្សរាប់សិបនាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងកុលសម្ព័ន្ធ Sunni Bedouin និងយុទ្ធជន Druze។ សម្រាប់អ៊ីស្រាអែល ក្រុម Druze ត្រូវបានគេមើលឃើញថា ជាជនជាតិភាគតិច ដ៏ស្មោះត្រង់ ហើយ ជារឿយៗ បម្រើនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល ហើយ ថ្មីៗនេះ នាយករដ្ឋមន្ត្រីប្រទេសមួយនេះ ទើបបានប្រកាសថា ប្តេជ្ញាការពារ ក្រុមសាសនា Druze។
របាយការណ៍ របស់ក្រុមអ្នកឃ្លាំមើល បានប្រាប់ថា ជម្លោះប្រដាប់អាវុធ នាភាគខាងត្បូង ប្រទេសស៊ីរី ប្រមាណ៤ថ្ងៃ មកនេះ មានមនុស្ស៣៥០នាក់ ត្រូវបានសម្លាប់៕
ប្រភពពី AFP
Leave a Reply