អេក្វាឌ័រធ្វើបត្យាប័នមេធំគ្រឿងញៀនកំពូល Fito ទៅអាមេរិក

បរទេស ៖ អាជ្ញាធរពន្ធនាគារ របស់ប្រទេសអេក្វាឌ័រ បាននិយាយថា រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ បានធ្វើបត្យាប័ន មេជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះ Adolfo Macias ហៅ Fito ទៅសហរដ្ឋអាមេរិក នៅមួយខែ បន្ទាប់ពីត្រូវបានចាប់ខ្លួនឡើងវិញ ក្រោយហែកគុក រត់គេច ក្នុង២០២៤។

អាជ្ញាធរ បានឱ្យដឹងថា ជើងហោះហើរ បានដឹកជញ្ជូន លោក Macias ចុះចត នៅ ញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យ។
កាលពីខែមេសា ការិយាល័យមេធាវីអាមេរិក បានចោទប្រកាន់ ប្រឆាំងនឹង ឈ្មោះ Macias ដែលជាប្រធានក្រុម “Los Choneros” ពីបទសង្ស័យចែកចាយកូកាអ៊ីន និង ការរត់ពន្ធអាវុធ។

ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានអះអាង កាលពីថ្ងៃអាទិត្យថា លោក Macias នឹងត្រូវបង្ហាញខ្លួន នៅក្នុងតុលាការសហព័ន្ធ នៅថ្ងៃចន្ទ សប្តាហ៍នេះ។

លោក Macias ដែលជាអតីតអ្នកបើកតាក់ស៊ី ប្រែក្លាយ ជាថៅកែឧក្រិដ្ឋកម្ម រូបនេះ គឺជាជនជាតិអេក្វាឌ័រដំបូងគេ ដែលត្រូវបានធ្វើបត្យាប័ន ដោយប្រទេស នៅស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ពោលគឺចាប់តាំងពីវិធានការថ្មី ត្រូវបានសរសេរ ទៅក្នុងច្បាប់ កាលពីឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតប្រជាមតិ ដែលប្រធានាធិបតី Daniel Noboa បានស្វែងរកការយល់ព្រម លើវិធានការ ជំរុញសង្គ្រាមរបស់លោក លើក្រុមឧក្រិដ្ឋជន៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *