


ប្រទេសចំនួន ២៥ រួមទាំងចក្រភពអង់គ្លេស កាណាដា និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយនឹង “សារសាមញ្ញ និងបន្ទាន់មួយ ថា “សង្រ្គាមនៅហ្កាហ្សាត្រូវតែបញ្ចប់នៅពេលនេះ”។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក និងបានផ្សព្វផ្សាយតាមអ៊ីនធឺណិតដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បានថ្កោលទោសវិធីសាស្ត្រចែកចាយជំនួយដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល ដោយចោទប្រកាន់រដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu អំពី “ការផ្តល់ជំនួយតិចតួច និងការសម្លាប់ជនស៊ីវិលយ៉ាងអមនុស្សធម៌ រួមទាំងកុមារផងដែរ” ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយបន្ទាប់ពីថ្ងៃដ៏អាក្រក់បំផុតមួយសម្រាប់អ្នកស្វែងរកជំនួយក្នុងអំឡុងពេលសង្គ្រាម ២១ ខែនៅហ្កាហ្សាបាននិយាយថា “គួរឱ្យរន្ធត់ណាស់ដែលប្រជាជនប៉ាឡេស្ទីនជាង ៨០០ នាក់ត្រូវបានសម្លាប់ ខណៈកំពុងស្វែងរកជំនួយ” ។ មន្ត្រីសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាមនុស្សជាង៨០នាក់ត្រូវបានសម្លាប់ក្នុងពេលព្យាយាមទទួលបានការផ្គត់ផ្គង់អាហារសង្គ្រោះបន្ទាន់កាលពីថ្ងៃអាទិត្យតែមួយថ្ងៃគត់។
កងកម្លាំងអ៊ីស្រាអែលបានបើកការវាយលុកថ្មើរជើងនៅតំបន់ Deir al-Balah ភាគកណ្តាលហ្កាហ្សាជាលើកដំបូង ។តំបន់នេះសំបូរទៅដោយជនភៀសខ្លួនរាប់ពាន់នាក់មកពីភាគខាងត្បូងហ្កាហ្សា ។ក៏មានការសន្មត់ថាចំណាប់ខ្មាំងអ៊ីស្រាអែល កំពុងត្រូវបានឃុំខ្លួននៅទីនោះដែរ។ក្រៅពីចក្រភពអង់គ្លេស ប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ថ្កោលទោសរួមមាន អូស្ត្រាលី អូទ្រីស បែលហ្សិក កាណាដា ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អ៊ីស្លង់ អៀរឡង់ អ៊ីតាលី ជប៉ុន ឡាតវី លីទុយអានី លុចសំបួ ហូឡង់ នូវែលសេឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត៕

Leave a Reply