លោកTrump ដកសហរដ្ឋអាមេរិកចេញពីអង្គការយូណេស្កូម្តងទៀតនិងរិះគន់របៀបវារៈ«ដ៏គួរឲ្យភ្ញាក់ផ្អើល»

លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីទីភ្នាក់ងារវប្បធម៌អង្គការសហប្រជាជាតិ(UNESCO) ដោយធ្វើឡើងជាថ្មីម្តងទៀតនូវចំណាត់ការពីអាណត្តិដំបូងរបស់លោកដែលត្រូវបានកែប្រែដោយអ្នកកាន់តំណែងមុនលោក គឺលោក Joe Biden។ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារទី២២ ខែកក្កដាថា ការដកខ្លួនចេញពីអង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនឹងចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដោយលើកឡើងពីការគាំទ្ររបស់ទីភ្នាក់ងារនេះសម្រាប់អ្វីដែលហៅថាមូលហេតុ «មិនចុះសម្រុងគ្នាគួឲ្យភ្ញាក់ផ្អើល»។

ក្រសួងការបរទេស បាននិយាយថាការបន្តសមាជិកភាពរបស់សហរដ្ឋអាមេរិកគឺ «មិននៅក្នុងផលប្រយោជន៍ជាតិ»នោះទេ ដោយចោទប្រកាន់ទីភ្នាក់ងារនេះពីការលើកកម្ពស់របៀបវារៈការអភិវឌ្ឍន៍សកលនិយម «ផ្ទុយទៅនឹងគោលនយោបាយការបរទេស America First របស់យើង»។ ក្រសួងក៏បានចាត់ទុកសេចក្តីសម្រេចរបស់អង្គការយូណេស្កូឆ្នាំ២០១១ ក្នុងការទទួលស្គាល់ដែនដីប៉ាឡេស្ទីនថាជារដ្ឋសមាជិក «ជាបញ្ហាយ៉ាងខ្លាំង ផ្ទុយទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក និងបានរួមចំណែកដល់ការរាលដាលនៃវោហាសាស្ត្រប្រឆាំងអ៊ីស្រាអែល»។ អគ្គនាយកអង្គការយូណេស្កូ លោកស្រី Audrey Azoulay បាននិយាយថា ការសម្រេចនេះគឺ «គួរឱ្យសោកស្ដាយ ប៉ុន្តែត្រូវបានគេរំពឹងទុក» ហើយទីភ្នាក់ងារបានត្រៀមខ្លួនដោយការធ្វើពិពិធកម្មការផ្តល់មូលនិធិរបស់ខ្លួន។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានរួមចំណែកប្រហែល៨ភាគរយនៃថវិការបស់ខ្លួន។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញការគាំទ្រចំពោះទីភ្នាក់ងារនេះនៅក្នុងការបង្ហោះលើបណ្តាញ X ថា «ការគាំទ្រឥតងាករេសម្រាប់អង្គការយូណេស្កូ ជាអ្នកការពារជាសកលនៃវិទ្យាសាស្ត្រ មហាសមុទ្រ ការអប់រំ វប្បធម៌ និងបេតិកភណ្ឌពិភពលោក ហើយការដកខ្លួនរបស់សហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យការប្តេជ្ញាចិត្តរបស់យើងចុះខ្សោយឡើយ»។