ថៃច្រានចោលការជួយសម្រុះសម្រួល ពីសហរដ្ឋអាមេរិក

បរទេស ៖ ក្រសួងការបរទេសថៃ បានអះអាង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ថា រដ្ឋាភិបាលក្រុងបាងកក បានច្រានចោល កិច្ចខិតខំប្រឹងប្រែង សម្រុះសម្រួល ពីសហរដ្ឋអាមេរិក ក៏ដូចជា អន្តរជាតិ ដែលស្នើឲ្យបញ្ចប់ជម្លោះ ប្រដាប់អាវុធ ផ្តើមចេញពីការឈ្លានពានរបស់ថៃ មកលើកម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន រយធឺ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានប្រាប់ ថា សហរដ្ឋអាមេរិក និង ចិន ព្រមទាំង ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន សុទ្ធតែបានផ្តល់ការសម្របសម្រួលកិច្ចសន្ទនា ប៉ុន្តែ ទីក្រុងបាងកក កំពុងស្វែងរក ដំណោះស្រាយទ្វេភាគី ចំពោះជម្លោះនេះ។ លោក Nikorndej បាននិយាយទៀតថា ថៃមិនត្រូវការការសម្រុះសម្រួលណាមួយ ពីប្រទេសទីបី នោះឡើយ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា ក្រៅពីមហាអំណាច អាមេរិក និងចិន ក៏មានស្ថាប័នអន្តរជាតិ និង បណ្តាប្រទេសជាច្រើនទៀត បានចូលខ្លួនមក ចង់សម្របសម្រួល ក្នុងនោះ រួមមានទាំង ប្រមុខ អង្គការសហប្រជាជាតិ និង សភាពអឺរ៉ុប ផងដែរ។

ជាការកត់សម្គាល់ នៅប៉ុន្មានម៉ោង ក្រោយពីថៃផ្តើមវាយឈ្លានពាន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើ តាមរយៈលិខិត ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយ បញ្ចប់ការឈ្លានពាន ពីប្រទេសថៃ៕

ប្រភពពី រយធឺ