អភិបាលខេត្តប៉ៃលិន ជូនដំណើរពលករខ្មែរមកពីថៃ ត្រឡប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ

អភិបាលខេត្តប៉ៃលិន ជូនដំណើរពលករខ្មែរមកពីថៃ ត្រឡប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុង ដោយឥតគិតថ្លៃ

ប៉ៃលិន៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រឡប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។

លោកជំទាវ អភិបាលខេត្ត បានបញ្ជាក់ថា ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង រដ្ឋបាលខេត្ត បានអំពាវនាវឱ្យបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យោបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជូន ២៤ម៉ោងលើ២៤ម៉ោង។ ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន