លោក Netanyahu ត្រូវបានរិះគន់ចំពោះដំណើរទៅកាន់អាមេរិក ខណៈការចរចាចំណាប់ខ្មាំងជាប់គាំង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រឈមការជំទាស់យ៉ាងដាច់អហង្ការពីបក្សប្រឆាំងនៅក្នុងសភា កាលពីថ្ងៃពុធ ១៧ កក្កដា។

លោកត្រូវបានរំខាន និងប្រឆាំង ម្តងហើយម្តងទៀត ចំពោះការគ្រប់គ្រងរបស់លោកក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅហ្កាហ្សា និងជុំវិញការចរចារសម្របសម្រួលដោយអេហ្ស៊ីប និងកាតានៅតែជាប់គាំងក្នុងគោលបំណងដោះលែងជនជាតិអ៊ីស្រាអែល ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

លោក Netanyahu បានការពារសមិទ្ធផលរបស់យោធា ដោយនិយាយថា លោកបានផ្គើននឹងសម្ពាធអន្តរជាតិឲ្យបញ្ឈប់ផែនឈ្លានពាន ដែលលោកនិយាយថា ត្រូវតែកម្ចាត់ក្រុមហាម៉ាសឲ្យអស់។

មិនមែនតែសម្ពាធក្រៅស្រុកទេ នៅក្នុងប្រទេសវិញ ក្រុមបាតុកម្មអ៊ីស្រាអែល ពេលខ្លះមានរហូតដល់រាប់ម៉ឺននាក់ បានចេញតវ៉ា ឈានដល់អំពើហិង្សា ទាមទារឱ្យលោក Netanyahu នាំយកអ្នកដែលត្រូវបានចាប់ឃុំខ្លួនមកផ្ទះវិញ និងទាមទារឲ្យលោកលាលែងពីតំណែង។

ការប៉ះទង្គិចគ្នានៅក្នុងសភារបស់ប្រទេសនេះ កាលពីថ្ងៃពុធ បានកើតឡើងនៅមុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដែលលោកគ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំរួមនៃសភាសហរដ្ឋអាមេរិក។

មេដឹកនាំបក្សប្រឆាំងលោក យ៉ែ ឡាពីត (Yair Lapid )បានទាមទារឱ្យលោក Netanyahu បកស្រាយថាតើ លោក នឹងប្រើឱកាសនេះដើម្បីប្រកាសថា លោកទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំងដែរឬទេ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *