សារព័ត៌មាន CNA ផ្សាយថា ជនភៀសសឹកកម្ពុជា-ថៃសាទរបទឈប់បាញ់

សូរិន ៖ ជនភៀសសឹកកម្ពុជា និងថៃបានសាទរព័ត៌មានអំពីបទឈប់បាញ់គ្នាកាលពីថ្ងៃចន្ទ ដោយបង្ហាញទាំងអារម្មណ៍ធូរស្រាល និងភាពស្រពិចស្រពិល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកក្កដា។

ជនភៀសសឹកថៃ Jeanjana Phaphan បាននិយាយទាំងទឹកមុខពោរពេញដោយក្តីសង្ឃឹមដ៏ផុយស្រួយ និងមន្ទិលសង្ស័យថា សន្តិភាពនឹងអាចគ្រប់គ្រងបាន។ Jeanjana បន្ថែមថា នាងបានភៀសខ្លួនចេញពីផ្ទះសម្បែងនៅព្រំដែន ក្នុងស្រុក Phanom Dong Rak ជាមួយកូនប្រុសអាយុ ៣ឆ្នាំរបស់នាង កាលពីប៉ុន្មានថ្ងៃមុន។

កសិករថៃមានវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន AFP នៅឯជម្រកមួយក្នុងទីក្រុងសូរិន មានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនថា ប្រសិនបើសង្គ្រាមបញ្ចប់ពិតប្រាកដនោះ ខ្ញុំពិតជារីករាយណាស់… រីករាយបំផុតនៅក្នុងអារម្មណ៍ដែលខ្ញុំធ្លាប់មានជាយូរមកហើយ។

គួរកត់សម្គាល់ មេដឹកនាំកម្ពុជា និងថៃបានព្រមព្រៀងលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌមួយ បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃនៅតាមខ្សែបណ្តោយព្រំដែនដែលគ្របដណ្តប់ដោយព្រៃភ្នំរបស់ប្រទេសទាំងពីរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ ។

ទន្ទឹមគ្នា មនុស្សជិត ៣០០.០០០នាក់ផ្សេងទៀតបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភាគីជម្លោះទាំងពីរបានបាញ់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងកាំភ្លើង នៅក្នុងការប្រយុទ្ធគ្នានៅតំបន់ដែលមានជម្លោះជាយូរមកហើយ និងជាទីតាំងប្រាសាទបុរាណផងដែរ៕

ប្រភព ៖ CNA