កម្ពុជារំពឹងថាបន្ទាប់ពីអាមេរិកអនុវត្តពន្ធនាំចូលត្រឹម១៩ភាគរយនៅថ្ងៃទី៧ខែសីហាខាងមុខនេះ នឹងធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានរឹងមាំ
នៅអំឡុងពេល៣ថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនឹងអនុវត្តការយក ពន្ធបដិការពីកម្ពុជាត្រឹម ១៩ភាគរយចំពោះរាល់មុខទំនិញនាំចេញពីកម្ពុជា ចូលទៅទីផ្សាររបស់អាមេរិក។ ការអនុវត្តពន្ធថ្មីនេះ គឺជាការបន្ធូរបន្ថយកម្រិតអត្រាច្រើនខណៈ មុននេះបានអនុវត្តក្នុងកម្រិត៤៩ភាគរយ ដែលវាបានបង្កើតកម្លាំងមួយផ្តល់ សន្ទុះចំពោះសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១សីហាឆ្នាំ២០២៥ បានបង្ហាញសេចក្តីសង្ឃឹមថា ជាមួយអត្រាពន្ធ១៩ភាគរយនេះ នឹងធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងថែរក្សារោងចក្រនៅ កម្ពុជាឱ្យនៅស្ថិតស្ថេរ ព្រមទាំងមានលទ្ធភាពពង្រីករោងចក្របន្ថែមទៀត តាមរយៈការទាក់ទាញវិនិយោគិនថ្មីមកបន្ថែម។
អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែមានមធ្យោបាយទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន និងជំរុញឱ្យបរិយាកាសធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន ធ្វើជាចន្ទល់សេដ្ឋកិច្ចជាតិដ៏រឹងមាំ។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាពន្ធនាំចូល ១៩ ភាគរយនេះ នឹងអនុញ្ញាតឱ្យផលិតផលកម្ពុជាមានតម្លៃទាបមានកម្លាំងប្រកួតប្រជែងដោយស្មើភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ដែលជួយកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច។
ឯកឧត្តមបានបង្ហាញសេចក្តីសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលការចុះបញ្ជីគម្រោងវិនិយោគ បានជាង៥០០ នៅឆ្នាំនេះ ដែលអាចបង្កើតការងារបានជាង ៣ម៉ឺនកន្លែង ក្នុងមួយឆ្នាំ ដោយឆ្លើយតបតម្រូវការទីផ្សារការងារ ជូនពលករចំណាកស្រុកទាំងអស់អោយ ត្រឡប់មកប្រទេសកំណើតវិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ សហគមន៍មូលដ្ឋានទូទាំងប្រទេស។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានអំពាវនាវដល់ពលករចំណាកស្រុកកម្ពុជាឱ្យត្រឡប់ ទៅប្រទេសកំណើតវិញដោយរដ្ឋាភិបាលធានាថា នឹងមានឱកាសការងារផ្គត់ផ្គង់គ្រប់គ្រាន់ ហើយ ការវិលត្រឡប់មកវិញរបស់ពួកគេនឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និង គោលដៅអភិវឌ្ឍន៍ជាតិ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ក្នុងរយៈពេល៦ខែដើម ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាទទួលការចុះបញ្ជីគម្រោង វិនិយោគថ្មីមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង បើធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០ភាគរយ ខណៈទុនវិនិយោគមានចំនួន ប្រមាណ៤,២ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ៥២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
សូមរំលឹកថាការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពី សម្តេចបវរធិបតីបានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកផ្ដល់ការយោគយល់ដើម្បី បន្ធូរបន្ថយអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យ កម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)
Leave a Reply