ហ្វីលីពីនថ្កោលទោសចិនបាញ់បង្ហោះគ្រាប់រ៉ុក្តែតធ្លាក់អំបែងចូលដីខ្លួន

ម៉ានីល ៖ មន្ត្រីសន្តិសុខហ្វីលីពីនកំពូលមួយរូប នៅថ្ងៃទី៥ ខែសីហា បានចេញមុខថ្កោលទោសប្រទេសចិន ឆ្លើយតបការបាញ់បង្ហោះគ្រាប់រ៉ុក្តែត ដែលត្រូវបានគេសង្ស័យថា បានធ្លាក់កំទេចកំទីអំបែងគ្រាប់នៅជិតខេត្តភាគខាងលិចប្រទេសហ្វីលីពីន បង្កការភ្ញាក់ផ្អើល និងបង្កគ្រោះថ្នាក់ដល់មនុស្ស នាវា រួមទាំងយន្តហោះ។

សារព័ត៌មាន AP បានរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Año បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងថ្កោលទោសចំពោះទង្វើគ្មានភាពច្បាស់លាស់ ខ្វះទំនួសខុសត្រូវរបស់ចិន ទាក់ទិននឹងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March 12 ដែលបានធ្វើឱ្យសាធារណជនទូទៅក្នុងប្រទេសហ្វីលីពីន ព្រួយបារម្ភ ពិសេសធ្វើឱ្យប្រជាជនខេត្ត Palawan ប្រឈមនឹងហានិភ័យ។

លោក Año មានវ័យ៦៣ឆ្នាំរូបនេះ បានបន្ថែមថា ប្រជាជនមានការភ្ញាក់ផ្អើលបន្ទាប់ពីបានឮសំឡេងផ្ទុះខ្លាំងកាលពីយប់ថ្ងៃចន្ទ នៅក្នុងទីក្រុង Puerto Princesa នៃខេត្ត Palawan និងទីក្រុងនៅក្បែរនោះ ដោយបន្ថែមថា អ្នកស្រុកក៏បានឃើញដុំភ្លើងហោះឆ្លងកាត់មេឃ ដែលក្រោយមកបានផ្ទុះធ្វើឱ្យដីរញ្ជួយ ។

លោក Año បានបញ្ជាក់ទៀតថា យន្តហោះ និងនាវាហ្វីលីពីនត្រូវបានដាក់ពង្រាយកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកបំណែកគ្រាប់រ៉ុក្កែត។ លោកបានស្នើដល់សាធារណជនឲ្យជូនដំណឹងដល់អាជ្ញាធរ បើសិនពួកគេរកឃើញបំណែកកំទេចកំទី ប៉ុន្តែបានព្រមានកុំឲ្យប៉ះពួកវា ពីព្រោះអាចមានសំណល់ឥន្ធនៈពុល។

ភ្លាមៗ មន្ត្រីចិននៅពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយ ចំពោះការអះអាងបែបបនេះរបស់ភាគីហ្វីលីពីននៅឡើយទេ។ ហើយគិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីមនុស្សរងរបួស ឬការខូចខាតបង្កឡើងពីការធ្លាក់កំទេចកំទី ដែលគេសង្ស័យថា ជារបស់គ្រាប់រ៉ុក្តែតរបស់ចិន ដែលបានធ្លាក់នៅជិតខេត្ត Palawan នោះទេ។

ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហួររបស់ប្រទេសចិន បានរាយការណ៍ថា គ្រាប់រ៉ុក្កែត Long March-12 ដែលបានបាញ់បង្ហោះកាលពីយប់ថ្ងៃចន្ទ ចេញពីទីតាំងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មមួយនៅលើកោះភាគខាងត្បូងនៃខេត្ត Hainan បានដោយជោគជ័យ ក្នុងការពាំនាំក្រុមផ្កាយរណបអ៊ីនធឺណិតទៅកាន់គន្លងតារាវិថីដែលបានកំណត់ទុកជាមុន។ វាគឺជាបេសកកម្មលើកទី៥៨៧ របស់គ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March៕

ប្រភព ៖ AP