ជប៉ុនរំឭកខួបឈឺចាប់ ៨០ ឆ្នាំ ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា

តូក្យូ ៖ ប្រជាជនជប៉ុនរាប់ពាន់នាក់ នៅថ្ងៃទី៦ ខែសីហានេះ បានប្រមូលផ្តុំគ្នាអធិស្ឋានបួងសួងក្នុងកំលុងពេលប្រារព្ធខួប ៨០ឆ្នាំ ចាប់តាំងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលនេះជាពិធីមួយក្រើនរំលឹកពិភពលោកពីវិនាសកម្មដ៏គួរឱ្យតក់ស្លុត ចំពេលមានភាពតានតឹងនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ី។

សារព័ត៌មាន Channel News Asia បានចុះផ្សាយថា នៅក្នុងសន្ទរកថាមួយ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានអំពាវនាវឱ្យមេដឹកនាំអន្តរជាតិ យកចិត្តទុកដាក់លើមេរៀនរបស់ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ ហើយបានព្រមានពីផលវិបាកនៃនិន្នាការពិភពលោក ឆ្ពោះទៅរកការកសាងកម្លាំងយោធាដ៏គ្រោះថ្នាក់។

ចំណែកលោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba និយាយថា វាគឺជាបេសកកម្មរបស់ប្រទេសជប៉ុន ដើម្បីដឹកនាំឆ្ពោះទៅកាន់ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។

តំណាងមកពីប្រទេស និងដែនដីចំនួន១២០ រួមទាំងមហាអំណាចនុយក្លេអ៊ែរអាមេរិក និងអ៊ីស្រាអែល បានចូលរួមពិធីប្រចាំឆ្នាំនៅឧទ្យានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដើម្បីរំលឹកខួប ៨០ឆ្នាំដ៏សំខាន់នេះ។

សូមរម្លឹកថា ទីក្រុងហ៊ីរ៉ូស៊ីម៉ា ត្រូវបានកម្ទេចកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ នៅពេលអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលដាក់ឈ្មោះថា Little Boy បានសម្លាប់មនុស្សប្រហែល ៧៨.០០០នាក់ភ្លាមៗនៅពេលនោះ។

ក្រុងហ៊ីរ៉ូស៊ីម៉ា ធ្លាប់ជាទីស្នាក់ការកណ្តាលនៃអង្គភាពយោធាមួយចំនួន និងជាមូលដ្ឋានផ្គត់ផ្គង់ដ៏សំខាន់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ គ្រាប់បែក ” Little Boy” បានបញ្ចេញកម្ដៅដល់ ៤ពាន់អង្សាសេ ហើយរលកវិទ្យុសកម្មដ៏ខ្លាំងក្លាបានសម្លាប់មនុស្សរាប់ម៉ឺននាក់ទៀតនៅចុងឆ្នាំដដែលនោះ។

បន្ទាប់ពីគ្រាប់ទីមួយរួច ក្បាលគ្រាប់នុយក្លេអ៊ែរផ្ទុកសារធាតុភ្លុយតូនីញ៉ូមឈ្មោះ “Fat Man” មួយគ្រាប់ទៀតត្រូវបានទម្លាក់លើក្រុងណាហ្គាសាគិរបស់ជប៉ុន រយៈពេល ៣ថ្ងៃក្រោយមកនៅថ្ងៃទី០៩ ខែសីហា សម្លាប់មនុស្សប្រមាណ ៤០.០០០នាក់ភ្លាមៗ ហើយពិភពលោកក៏បានមើលឃើញការចុះចាញ់របស់ជប៉ុន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥៕

ប្រភព ៖ CNA